header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ អស់ពីល្បិចទម្លាក់យោង ឥឡូវចេញល្បិចថ្មីទៀតហើយ ដែលបងប្អូនត្រូវការស្វែងយល់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកបញ្ឆោតរបស់ជនខិលខូច។ ជាក់ស្ដែង នៅឯខេត្តត្បូងឃ្មុំ មានជនខិលខូច២នាក់ បានបន្លំគ្រឿងចម្លាក់ ដែលអះអាងថា ជាវត្ថុបុរាណទៅលក់ឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ទង់លានរៀល។

សមត្ថកិច្ចខេត្តត្បូងឃ្មុំ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសានេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ កាលពី​វេលា​ម៉ោង​៩៖​៣០នាទី​ ព្រឹក​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានទទួលព័ត៌មានពីកម្លាំងប្រជាការពារថា មានបុរស២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូសង់ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ បាននាំនូវវត្ថុបុរាណច្រកថង់ថ្លាស្ទិករុំនឹងបេ (ដូចមានក្នុងរូបភាព) យកមកលក់ឲ្យពលរដ្ឋម្នាក់ ឈ្មោះ សឹង បាន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ក្នុងតម្លៃ១.៦០០.០០០៛ (មួយលានហុកសិបម៉ឺនរៀល) នៅចំណុចតំបន់រមណីយដ្ឋានហោង ស្ថិតក្នុងភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីដដែលបន្តថា ក្រោយពីទទួលបានព័ត៌មាននេះ អនុសេនីយ៍ទោ ស៊ុន ថែន នាយរងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ហើយបានដឹងបន្ថែមទៀតពីលោក សឹង បាន ថា ពួកគេ(ជនសង្ស័យ)ប្រាប់ថា ជាអ្នកធ្វើផ្លូវនៅស្រុកតំបែរ (ដោយម្នាក់ ជាតៃកុងអេស្កាវ៉ាទ័រ) ខណៈដែលរូបគេកាយដី ដើម្បីដាក់រថយន្តដឹកដីចាក់លើថ្នល់ ក៏ប៉ះវត្ថុបុរាណទាំងអស់នោះ ហើយយកមកលក់ឲ្យគាត់។

ប៉ុន្តែគាត់(ជនរងគ្រោះ សឹង បាន) និយាយថា វត្ថុបុរាណនោះ គឺគាត់ហ៊ានឲ្យតម្លៃត្រឹម១.២០០.០០០៛ (មួយលានម្ភៃម៉ឺនរៀល)ប៉ុណ្ណោះ ហើយគាត់នៅតែមិនទាន់មានប្រាក់គ្រប់សម្រាប់ឲ្យទៅពួកគេ(ជនសង្ស័យ)ឡើយ ទាល់តែរកខ្ចីអ្នកជិតខាង ឬក៏លក់គោ ទើបមានប្រាក់ឲ្យគ្រប់ ដើម្បីទៅពួកនោះ ដោយសន្យាថា ស្អែកមកយកប្រាក់នៅផ្ទះគាត់ផ្ទាល់។ ក្រោយពីនិយាយជាមួយគ្នារួចរាល់ ពួកគេបានយល់ព្រមក្នុងតម្លៃនោះ និងស្អែកមកយកប្រាក់ពីរូបគាត់ ដោយបាននិយាយថា មានវត្ថុបុរាណជាច្រើន មកលក់ឲ្យទៀត រួចឡើងម៉ូតូទៅបាត់។

បច្ចុប្បន្នវត្ថុបុរាណទាំងអស់ ត្រូវលោក សឹង បាន ប្រគល់មកឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពាន់ ហើយបាននាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការពិនិត្យ ទើបដឹងថា ជារបស់ក្លែងក្លាយ ដោយវត្ថុបុរាណធ្វើអំពីលោហធាតុ (ដែក) ក្រូមមេផ្លាទីន ដែលឆ្លាក់ក្បាច់បុរាណ។ សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ កំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកមុខសញ្ញាសង្ស័យ មកផ្តន្ទាទោសនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post