
បន្ទាយមានជ័យៈ បុរសជាងសំណង់ម្នាក់ ត្រូវកម្មករប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមនៅបន្ទប់ទឹក កាលពីវេលាម៉ោង៤៖៣៥នាទីល្ងាច ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២១៨ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឌឿន ចយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាសំណង់ រស់នៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បុរសជាកម្មករម្នាក់ ឈ្មោះ ម៉ៃ រ៉ូ អាយុ២០ឆ្នាំ នៅធ្វើការកន្លែងកើតហេតុ ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រកាត់ការ៉ូទៅក្នុងបង្គន់ដើម្បីបិតការ៉ូក្នុងបន្ទប់ទឹក ខណៈដែលខ្លួន(ឈ្មោះ ម៉ៃ រ៉ូ) កំពុងលាយស៊ីម៉ង់ត៍នៅខាងក្រៅសម្រាប់ឲ្យជនរងគ្រោះ។ ប្រភពបន្តថា ដោយឮសូរក្នុងបន្ទប់ទឹកប្រាវ ទើបខ្លួនគេបានដើរទៅមើល ឃើញមេជាងការ៉ូ ប្រកាច់ស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់ទឹកតែម្ដង។

នៅកន្លែងកើតហេតុ គេឃើញសមត្ថិច្ចជំនាញខេត្តក្រុង ចុះធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ។
ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះខាងលើនេះ ស្លាប់ដោយសារតែម៉ូទ័រកាត់ការ៉ូ ព្រោះក្រោយពីសន្និដ្ឋានមុនកើតហេតុ ជនរងគ្រោះបានបញ្ឆេះម៉ូទ័រកាត់ការ៉ូទៅជួសជុលបន្ទប់ទឹក ដែលជាកន្លែងចង្អៀត។ ចៃដន្យជនរងគ្រោះឡើងលើចាន់បង្គន់ ដួលលើម៉ូទ័រកាត់ក បណ្ដាលឲ្យត្រូវសរសៃឈាម (Carotid artery) ជិតដាច់កចេញពីស្មា ហូរឈាមបាញ់ប្រលាក់ជញ្ជាំងការ៉ូកម្ពស់ប្រហែល១ម៉ែត្រ ដាច់ខ្យល់ស្លាប់នៅកន្លែង ដោយមិនអាចសង្គ្រោះបានឡើយ។

សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ខាងលើ មិនមែនជាករណីឃាតកម្មនោះទេ ដោយសារតែគាត់មានការធ្វេសប្រហែសដោយខ្លួនឯង ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់ខ្លួន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
