
ភ្នំពេញៈ មានការគិតមុននេះថា ក្រោយពេលផុតកុងត្រាក្នុងផលិតកម្មសាន់ដេ អ៊ីវ៉ា ត្រូវបានបាញ់មុខសញ្ញាចូលទៅកាន់ផលិតកម្មហង្សមាស ដូចអតីតតារាចេញពីសាន់ដេរដទៃទៀត។យ៉ាងណាដំណឹងនេះ មិនទាន់ត្រូវស្ងប់ផង ក៏ត្រូវទម្លាយថា នាងចូលទៅថោនវិញ។
តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ដែលមានព័ត៌មានថា បានក្លាយទៅជាសមាជិកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ទៅហើយនោះ ស្រាប់តែបែរជាចេញបទចម្រៀងនៅសាន់ដេ សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ ធ្វើព្រងើយទៅវិញ ដែលធ្វើឱ្យម្នាក់ៗចង់ដាច់ផ្ងារ។ ទោះជាយ៉ាងណា ព័ត៌មានចុងក្រោយបានឱ្យដឹងថា អ៊ីវ៉ា បានសម្រេចចិត្តបោះចោលហង្សមាស ហើយទៅផ្ញើខ្លួនជាមួយផលិតកម្មថោន ដែលបទចម្រៀងសម័យរបស់នាង នឹងចេញក្រោយចូលឆ្នាំខ្មែរ ខាងមុខនេះហើយ…។

តាមការបង្ហើបឱ្យដឹងថា អ៊ីវ៉ា បានបោះបង់ចោលផលិតកម្មរស្មីហង្សមាស ហើយទៅចូលរួមជាមួយផលិតកម្មថោនវិញ ដែលបទចម្រៀងរបស់នាងនឹងចេញជាផ្លូវការនៅក្រោយពេលបុណ្យចូលឆ្នាំខ្មែរ រួចហើយនោះ។ ព័ត៌មានបានឱ្យដឹងទៀតថា ថោន ស្វាគមន៍ អ៊ីវ៉ា យ៉ាងកក់ក្តៅ ព្រោះផលិតកម្មមួយនេះ ត្រូវការតារាចម្រៀងល្បីៗថែមទៀត ដើម្បីប្រជែងជាមួយហង្សមាស នាពេលអនាគត ហេតុនេះហើយបានជាឆក់យក អ៊ីវ៉ា បានមុនហង្សមាស។ នេះគឺជាតារាទី៣ ហើយរបស់ផលិតកម្មសាន់ដេ ដែលលោតចូលទៅផលិតកម្មថោន រួមមាន មាស សុខសោភា, កែវ វាសនា និងអ៊ីវ៉ា។

ទោះបីតារាចម្រៀង អ៊ីវ៉ា ថា នាងច្រៀងបន្តនៅផលិតកម្មសាន់ដេក៏ដោយ តែដំណឹងចុងក្រោយបានឱ្យដឹងថា តារាវ័យក្មេងសំឡេងពីរោះរូបនេះចេញបទចម្រៀងឱ្យផលិតកម្មសាន់ដេ សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ គឺជាបទចុងក្រោយហើយ ព្រោះពេលនេះនាងបានឈានចូលផលិតកម្មថោន ដោយសម្ងាត់៕


