header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅក្នុងភូមិមួយក្បែរវត្តចាក់អង្រែក្រោម ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគច្រើនសំបូរដោយពលរដ្ឋវៀតណាមរស់នៅ បានពពាក់ពពួនគ្នាលេងល្បែងស៊ីសងប្រភេទថ្មី គឺល្បែងស្ទូចប្រេងក្រឡា។ ល្បែងនេះស្រដៀងគ្នានឹងល្បែងយូគី ដែលគេលេងស៊ីសងចាញ់ឈ្នះមិនដឹងខ្លួននោះទេ គឺគេលេងភ្នាល់១សង១០។

បច្ចុប្បន្ននៅក្នុងភូមិពលរដ្ឋវៀតណាមរស់នៅរហូតដល់មាត់ទន្លេ ក្បែរវត្តចាក់អង្រែក្រោម មានវង់ល្បែងស្ទូចប្រេងក្រឡាចំនួន២កន្លែង ក្នុងនោះមួយកន្លែងស្ថិតនៅក្បែរមាត់ទន្លេចាប់បើកលេងពីម៉ោង២រសៀលរហូតដល់ម៉ោង៥ល្ងាច។ ចំណែកកន្លែងទី២ចាប់ពីម៉ោង៥ល្ងាច រហូតដល់យប់ជ្រៅ នៅច្រកផ្លូវចូលក្បែរវត្ត។

ជុំវិញបញ្ហាល្បែងស្ទូចប្រេងក្រឡានេះ នាយប៉ុសិ៍្តចាក់អង្រែក្រោមក៏ធ្លាប់បានឡើងរាយការណ៍ផងដែរ នៅពេលប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌមានជ័យ។ ក៏ប៉ុន្តែការលើកឡើងរបស់នាយប៉ុសិ៍្តហាក់បីដូចជាមានការលាក់លៀម បានន័យថា នគរបាលមណ្ឌលក៏ជាអ្នកពាក់ព័ន្ធផងដែរ។

វរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យក៏បានលើកឡើងផងដែរថា បញ្ហាល្បែងស៊ីសងត្រូវតែបង្ក្រាបឲ្យតែមានការសហការល្អជាមួយពលរដ្ឋ និងជួយរាយការណ៍ដល់សមត្ថកិច្ច។ លោកថា លោកមិនដែលបានទទួលផលប្រយោជន៍ណាមួយពីអ្នកបើកបនល្បែងនោះទេ។

ជុំវិញបញ្ហាល្បែងស្ទូចប្រឡាក្នុងភូមិខាងលើ ដែលបើកលេងរាល់ថ្ងៃនេះវិញ លោកអធិការខណ្ឌមានជ័យបានប្រាប់ថា លោកបានទទួលរបាយការណ៍ពីមេប៉ុសិ៍្តចាក់អង្រែក្រោមថាគេបិទអស់ហើយ។ នេះគ្រាន់តែជាការដោះសាររបស់លោកតែប៉ុណ្ណោះ។

ប្រភពពីពលរដ្ឋវៀតណាមម្នាក់បាននិយាយថា គេលេងរាល់ថ្ងៃ ដោយមេម្នាក់បើកលេងពីម៉ោងជាង២ថ្ងៃ រហូតដល់ម៉ោង៥ ហើយមេវង់ម្នាក់ទៀតបើកលេងពីម៉ោង៥ល្ងាចដល់យប់ជ្រៅ។

ប្រភពដដែលបន្តថា ឃើញមាននគរបាលស្លៀកពាក់ស៊ីវិល និងសមត្ថកិច្ចខ្លះឯកសណ្ឋានជិះម៉ូតូមកលុយរាល់ថ្ងៃផងដែរចំនួន៣ពាន់រៀល ជួន៥ពាន់រៀល។

ដោយឡែកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យ កាលពីម្សិលមិញ ក៏បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា ជុំវិញបញ្ហាល្បែងស្ទូចប្រេងក្រឡានៅក្នុងភូមិ ពលរដ្ឋវៀតណាម ក្បែរវត្តចាក់អង្រែក្រោមនេះ លោកបានសុំយោបល់ពីលោកអធិការខណ្ឌរួចហើយ ហេតុដូច្នេះយើងកំពុងរកពេលវេលាណាមួយ ដើម្បីដឹកនាំកម្លាំងចុះប្រតិបត្តិការតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post