
កាលពីម្សិលមិញ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលបាន បានសរសេរអត្ថបទមួយមានចំណងជើងថា៖ ព្រះរាជអាជ្ញា សម្រេចដាក់ឲ្យឃុំខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម (William Guang) តាមបណ្តឹង កញ្ញា ធី សុវណ្ណថា។ ជាមួយគ្នានោះ កញ្ញា ធី សុវណ្ណថា ដែលថាជាដើមបណ្តឹងមានស៊ែរ អត្ថបទនេះដោយអបដោយសំណេរថា៖ ខ្ញុំផ្តល់ឱកាសជូនលោក (វិល្លាម) តែលោកមិនទទួល លោកប្រកាសខ្លួនជាអ្នកក្លាហាន មិនខ្លាចគុក...
ពេលនេះ លោកបានជាប់គុកតាមបំណងហើយ។
ភ្លាមៗក្រោយពីលេចព័ត៌មាននេះ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ លោក វិល្លាម បានបង្ហោះសារមួយដែលទាក់ទងទៅនឹងដីកាកោះហៅរូបលោកមួយសន្លឹក។ នៅលើសាររបស់លោកគឺបានបាញ់សំដៅទៅរកលោកព្រះរាជអាជ្ញាដែលបានចោទប្រកាន់រូបលោកវិល្លាម។ នៅក្នុងសារសេចក្តីរបស់លោក វិល្លាមដែលបានសរសេរលើគណនីហ្វេសប៊ុកគាត់ថា៖ នេះឬលោកព្រះរាជអាជ្ញាដែលសម្រេចចោទប្រកាន់ខ្ញុំ?
ចំនុចទី១ ៖ គ្រាន់តែស៊ីញ៉េដីកាកោះហៅ កោះមនុស្សថ្ងៃ០៦ ខែកុម្ភៈ តែស៊ីញ៉េថ្ងៃ ២១ ខែកុម្ភៈ? គ្រាន់តែស៊ីញ៉េមិនត្រូវផង តើចោទមនុស្សប៉ុន្មាននាក់ដែលរងគ្រោះ?
ចំនុចទី២ ៖ សួរថានីតិវិធីច្បាប់វាមានទេករណី១ខែកោះហៅមនុស្ស៣ដង ទាំងខ្ញុំមិនបានចុះហត្ថលេខាទទួលនោះ ? ចំនុចទី៣ ៖ ដែលករណីពាក្យបណ្ដឹងលើសំណុំរឿងនេះគឺមានបណ្ដឹងតបតាមនីតិវិធីបើចោទគឺចោទទាំងពី បើលើកលែងចោទគឺលើកលែងទាំងពី មិនមែនចោទម្ខាងនោះទេ។ សូមក្រសួងយុត្តិធម៌ នឹងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមេត្តាពិចារណាចំនុច៣នេះ កុំអោយព្រះរាជអាជ្ញារូបនេះបំផ្លាញនីតិវិធីច្បាប់នៅកម្ពុជា។


សូមបញ្ជាក់ថា លោក វិល្លាម និងកញ្ញា ធី សុវណ្ណថា បានធ្លាប់ប្តឹងគ្នាទៅវិញទៅមក តែតុលាការមិនទាន់ធ្វើការកាត់ក្តីនោះឡើយ ប៉ុន្តែកាលពីថ្មីៗនេះ សាលាដំបូងកោះហៅកញ្ញា ធី សុវណ្ណថា ចូលសវនាការតាមបណ្តឹងលោក វិល្លាម តែត្រូវមេធាវីកញ្ញា ធី សុវណ្ណថា សុំប្តូរថ្ងៃចូលសវនាការ ក្រោមហេតុផលជាប់រវល់។



