Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ឡាង សុចិន្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពប្លន់យកម៉ូតូ និងទូរស័ព្ទ របស់ខ្លួន នៅចំណុចម្ដុំភ្នំ១០០ ខាងជើងដើមស្រល់ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ នៅវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃសោរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរប្លន់ម៉ូតូ និងទូរស័ព្ទ ភ្លាមៗតែម្តង។

បន្ទាប់ពីស្រាវជ្រាវ និងកំណត់មុខសញ្ញារួចមក នៅវេលាម៉ោងប្រមាណ១១ និង១៥នាទីរសៀលថ្ងៃនេះ កម្លាំងកងរាជអាវុធហត្ថ បានចុះដល់ទីតាំងស្នាក់នៅរបស់ជនសង្ស័យ និងឃាត់ខ្លួន២នាក់ភ្លាមៗ នៅចំណុចភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ គង់ ណាលីន ហៅដូង ភេទប្រុស អាយុ២២ឆ្នាំ និងទី២-ឈ្មោះ គឹម រតនៈ ហៅណាក់ ភេទប្រុស អាយុ១៩ឆ្នាំ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានរឹបអូសម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ គឺជាអ្នកជិតខាង និងជាមិត្តភ័ក្តរបស់ជនរងគ្រោះផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានរៀបថា ពួកគេទាំង២នាក់បានគម្រោងប្លន់ទុកជាមុនរយៈពេល៧ថ្ងៃរួចមកហើយ។ លុះមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រូបគេបានណាត់ជនរងគ្រោះឲ្យជូនពួកខ្លួនដើរលេង។ ហើយខណៈកំពុងជិះដល់កន្លែងស្ងាត់ ពួកខ្លួនក៏បានឲ្យឈប់ម៉ូតូ ហើយក៏ធ្វើសកម្មភាពទាញកាំបិតអារ.កជនរងគ្រោះ និងធាក់ទម្លាក់ទឹក បណ្តាលឲ្យរងរបួសដាច់សរសៃបំពង់កធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួចក៏យកទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដា MSX ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-6287 ដែលជារបស់ជនរងគ្រោះ ជិះរត់គេចខ្លួនតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor