
តុលាការកូរ៉េខាងត្បូងបានបើកសវនាការដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ រកឃើញថាអតីតប្រធានាធិបតី លោកស្រី ប៉ាក ហ្គឺនហេ (Park Geun-hye) ពិតជាមានកំហុសដូចជាការចោទប្រកាន់ ពាក់ព័ន្ធនឹងការទទួលសំណូក បំពានអំណាច និងកំហែងយក។ ដោយផ្អែកលើកំហុសទាំងអស់នេះ តុលាការបានកាត់ទោសឱ្យលោកស្រី ជាប់ពន្ធនាគារដល់ទៅ២៤ឆ្នាំ និងពិន័យទឹកប្រាក់ចំនួន១៧លានដុល្លារផងដែរ ខណៈរដ្ឋអាជ្ញាចង់ឱ្យលោកស្រីជាប់ពន្ធនាគារចំនួន៣០ឆ្នាំ។
នៅខាងក្រៅតុលាការ ក្នុងទីក្រុងសេអ៊ូល អ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះ ជាច្រើនរយនាក់បានប្រមូលផ្ដុំតវ៉ា ខណៈ សវនាការនេះធ្វើឡើងដោយអវត្តមានលោកស្រី។ អ្នកតវ៉ាបានកាន់បដា និងស្រែកគាំទ្រប្រធានាធិបតីស្ត្រីទីមួយ ដែលមានអត្ថន័យបង្ហាញពីភាពត្រឹមត្រូវរបស់លោកស្រី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
សូមរំលឹកថា កាលពីខែមេសា ឆ្នាំ២០១៧ កន្លងទៅ លោកស្រី ប៉ាក ហ្គឺនហេ រងការចោទប្រកាន់ចំនួន១៨ករណី រួមមានការទទួលសំណូក ការបំពានអំណាច និងការបែកធ្លាយឯកសារសម្ងាត់របស់រដ្ឋ ម្យ៉ាងទៀត លោកស្រីក៏ជាប់ចោទលើករណីបើកដៃឱ្យលោកស្រី Choi ដែលជាមិត្តភក្តិ លូកលាន់កិច្ចការរដ្ឋ ទាំងខ្លួនមិនមែនជាមន្ត្រីរដ្ឋាភិបាល និងចូលដៃក្នុងការកៀបយកលុយពីក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដូចជា Samsung និង Lotte ជាដើមក្នុងទំហំទឹកប្រាក់ចំនួន៧២លានដុល្លារសហរដ្ឋអាមេរិក។ កាលពីខែមីនា ឆ្នាំ២០១៧ លោកស្រី ប៉ាក ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាប្រធានាធិបតី និងត្រូវបានចាប់ឃុំខ្លួនរហូតដល់ពេលកាត់ទោសនេះ។ ទោះជាយ៉ាងណា លោកស្រី ប៉ាក ធ្លាប់លើកឡើងថាមានរបៀបវារៈនយោបាយនៅខាងក្រោយការកាត់ទោសលោកស្រី ហើយលោកស្រីគ្មានកំហុសអ្វីទាំងអស់។
ចំណែកឯ លោកស្រី Choi ដែលជាដើមហេតុនៃសំណុំរឿងពុករលួយដ៏ធំនេះ ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។ លោកស្រីរងការចោទថា បានប្រើប្រាស់ទំនាក់ទំនងជាមួយលោកស្រី ប៉ាក ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។ គួរបញ្ជាក់ថា លោកស្រី ឆយ ស៊ូនស៊ីល មានអាយុ ៦១ឆ្នាំ ត្រូវចាប់ខ្លួន និងចោទប្រកាន់ចំនួន ១៨បទល្មើស កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះរួមមានទាំង ការរំលោភអំណាចរដ្ឋ និងប្រព្រឹត្តអំពើពុករលួយផងដែរ។

