Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សិប្បកម្មលីង និងកិនកាហ្វេ DAITHNH អត់ស្លាកយីហោមួយកន្លែង ត្រូវបានកម្លាំងនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបឆែកឆេរ ដោយសង្ស័យថា មានលាយសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យ​ប៉ះពាល់ដល់សុខភាព អ្នកទទួលទាន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹករហូតដល់ម៉ោងប្រមាណជិត១រសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៨ ដែលទីតាំងសិប្បកម្មនេះ​ ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ប្រតិបត្តិការនេះដែរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម មន្រ្តីកាំកុងត្រូល និងនគរបាលមូលដ្ឋានផងដែរ។

មន្ត្រីនគរបាល បានឲ្យ​ដឹងថា ម្ចាស់សិប្បកម្ម ដែលត្រូវសមត្ថកិច្ចនាំខ្លួន ឈ្មោះ ពៅ ចន្ធា ភេទស្រី អាយុ៥៦ឆ្នាំ ស្នាក់នៅក្នុងសិប្បកម្មខាងលើ។ ចំណែកអ្នកលាយ ឈ្មោះ សឿង ស្រីណា អាយុ២៦ឆ្នាំ។

មន្ត្រីនគរបាល បានបន្តថា ក្នុងប្រតិបត្តិការឆែកឆេរនោះ សមត្ថកិច្ច បានរកឃើញ មានសារធាតុផ្សំ រួមមាន៖ ពោតឆៅ និងលីង សណ្តែកសៀងលីង ប៊ើ ខ្ទីះដូង ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត សរុបទាំងអស់ចំនួន១០មុខ មានទម្ងន់ប្រមាណជាង៧តោន និងរថយន្តសម្រាប់​ដឹកជញ្ជូនឲ្យម៉ូយមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2P-4458។ ក្រៅពីនោះ មានឧបករណ៍ផលិត រួមមាន ៖ ម៉ាស៊ីនលីងកាហ្វេ , ម៉ាស៊ីនកិនកាហ្វេ ចំនួន៣គ្រឿង, ម៉ាស៊ីនវេចខ្ទប់ចំនួន១គ្រឿងសំបកវេចខ្ទប់ចំនួន១៥០គីឡូក្រាម និងសំបកធុងមួយ។

សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចបាននាំខ្លួនម្ចាស់សិប្បកម្ម និងអ្នកលាយម្នាក់ បន្ទាប់ពីរកឃើញវត្ថុធាតុដើម រួមពោតសណ្តែតសៀង និងសារធាតុផ្សំមួយចំនួនទៀត ដែលសង្ស័យ ថាជាសារធាតុគីមី។

លោកឧត្តមសេនីយ៍ត្រី ទូច យុទ្ធា បានឲ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ សមត្ថកិច្ច មានការសង្ស័យទៅលើសិប្បកម្មនេះ ដែលពុំមានស្លាកយីហោហើយបានលីងកាហ្វេ ដោយទៅបោះឲ្យម៉ូយតែពេលយប់  ទើបសមត្ថកិច្ច ចុះឆែកឆេរតែម្តង។

ក្រោយឆែកឆេររួច សមត្ថកិច្ចបាននាំខ្លួនស្រ្តីជាថៅកែម្នាក់ នឹងស្ត្រីម្នាក់ ដែលជាអ្នកលាយកាហ្វេ រួមទាំងវត្ថុតាងទៅកាន់នគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ ដើម្បីសួរនាំ និងចាត់ការទៅតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor