
ភ្នំពេញៈ សំណុំរឿងបុរសម្នាក់ ដកកាំភ្លើងបាញ់មេឃចំនួន៤គ្រាប់ ដោយសារតែខឹងប្រពន្ធមិនចេញពីក្លឹប ត្រូវលោកចៅក្រម ប៊ុន ធី សម្រេចប្រកាសសាលក្រមនៅព្រឹកមិញនេះ ដោយផ្តន្ទាទោសជនជាប់ចោទ ឡេង ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នគរបាល ដាក់ពន្ធនាគារ១ឆ្នាំតែអនុវត្ត៦ខែ១៥ថ្ងៃ ទោសសលព្យួរ ។
កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក ប៊ុន ធី នឹងតំណាងអយ្យការលោក ងិន ពេជ្រ បានបើកសវនាការកាត់ទោសបុរសម្នាក់រឿងដកកាំភ្លើងបាញ់មេឃចំនួន៤គ្រាប់ ។
ជនត្រូវចោទឈ្មោះ ឡេង ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្ដកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខសណ្ឋាគារហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ចាក់ថា ក្រោយពីបញ្ចប់សវនាការលើសំណុំរឿងខាងលើនេះ លោកចៅក្រមបានសម្រេចលើពេលទៅប្រកាសសាលក្រមក្នុងសំណុំនេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ។
គួររំលឹកថា កាលពីវេលាទាបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ជនត្រូវចោទខាងលើ បានបើករថយន្តម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ មកដល់ចំណុចផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារ ហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏បានដកកាំភ្លើងបាញ់ទម្លាយកញ្ចក់មុខរថយន្តចំនួន៤គ្រាប់ បង្កការភ្ញាក់ផ្អើល និងត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនកបានភ្លាមៗ រួចក៏បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបន្តមកតុលាការឃុំខ្លួន រហូតដល់ថ្ងៃកាត់ទោសនេះ៕
