
ភ្នំពេញៈ យុវជនម្នាក់ បានដើររកប្រពន្ធដែលធ្វើការនៅហាងមួយកន្លែង ដោយបានស្រែកឡូឡាផងនោះ មួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ ដើរចេញពីក្នុងហាង THE CONNER 136 មកសួរនាំ ហើយដោយខឹងយុវជនស្រែកឡូឡាពេក ក៏ដកកាំភ្លើងបាញ់គំរាមបុរសខាងលើចំនួន២គ្រាប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្ដង រួចឡើងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។ ប៉ុន្តែករណីនេះ សមត្ថកិច្ចបានបដិសេធ។
ករណីផ្ទុះអាវុធចំនួន២គ្រាប់នេះ បានកើតឡើងនៅមុខហាង The Conner 136 ប្លុក Bar បារាំង តាមបណ្ដោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤៖៤០នាទីៀបភ្លឺ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។

ជនរងគ្រោះដើររកប្រពន្ធ ដែលរងការបាញ់គំរាមនោះ មានឈ្មោះ ឈាវ វណ្ណា អាយុ២៤ឆ្នាំ មុខរបរកឹបសំបុត្រម៉ូតូ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ ដើរសួររកប្រពន្ធ ដែលធ្វើការនៅហាងមួយកន្លែងជិតចំណុចកើតហេតុ ដោយបានស្រែកឡូឡាផង។ លុះមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ បានដើរចេញពីក្នុងហាង THE CONNER 136 មកសួរនាំគាត់ ហើយគាត់បានឆ្លើយថា “ខ្ញុំមករកប្រពន្ធតើបង តែរកមិនទាន់ឃើញទេ” ហើយគាត់ក៏សួរបុរសរូបនោះ(ជនដៃដល់) “មានឃើញប្រពន្ធខ្ញុំទេ?”។ ស្រាប់តែបុរសរូបនោះ ដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ តែជនរងគ្រោះស្រែកថា “ថីបានបងឯងបាញ់ខ្ញុំ? ខ្ញុំមករកប្រពន្ធខ្ញុំទេ”។ ភ្លាមនោះ បុរសរូបនោះក៏បានបាញ់មួយគ្រាប់ទៀត ដើម្បីគំរាមជនរងគ្រោះ រួចឡើងជិះម៉ូតូមួយគ្រឿងម៉ាក SL ពាក់ស្លាកលេខ ភ្នំពេញ 1J-2713 ចេញទៅបាត់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមតែម្ដង។
ក្រោយករណីផ្ទុះអាវុធខាងលើនេះ គេបានរកឃើញសម្បកគ្រាប់ចំនួន២គ្រាប់ នៅកន្លែងពិតប្រាកដមែន ប៉ុន្តែកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ មិនព្រមឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើការសាកសួរនោះទេ ដោយមន្ត្រីនគរបាលមួយរូប បានអះអាងថា អត់មានផ្ទុះអាវុធនោះទេ គ្រាន់តែជាករណីប្ដីឈ្លោះគ្នាជាមួយប្រពន្ធសោះ ចាំបានសួរនាំអីច្រើនទេ រួចក៏នាំជនរងគ្រោះចូលក្នុងប៉ុស្តិ៍បាត់ទៅ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ បានសម្ដែងការហួសចិត្តចំពោះការឆ្លើយតបរបស់សមត្ថកិច្ច ខណៈប្រជាពលរដ្ឋ និងអ្នកឃើញហេតុការណ៍ផ្ទាល់ជាច្រើន បានឃើញបុរសម្នាក់ ដែលជិះម៉ូតូម៉ាក SL ពាក់ស្លាកលេខ ភ្នំពេញ 1J-2713 នោះជាអ្នកបាញ់ពិតប្រាកដមែន ហើយក៏ធ្លាក់សម្បកគ្រាប់នៅកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានត្រឹមតែប្រមូលគ្នាទៅហិតក្លិនរំសេវ រួចក៏ត្រឡប់មកវិញបាត់អស់ទៅ។ ទើបជនរងគ្រោះ បានត្រឹមតែជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារកណ្ដាលទី១ ប៉ុណ្ណោះ៕





