header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ឆ្លងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពឆត្រយោង៩១១ បានបង្ហាញឲ្យឃើញច្បាស់ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កងទ័ពក្នុងការអនុវត្តភារកិច្ចស្នូលជាមូលដ្ឋានក្នុងនោះ មួយផ្នែករ៉ាប់រងភារកិច្ចជាកម្លាំងអន្តរាគមន៍នៅសមរភូមិមុខ ត្រៀមប្រយុទ្ធគ្រប់ពេលវេលាការពារទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើស អំពើភារវកម្មដែលបង្កអស្ថិរភាពសង្គម មួយផ្នែកទៀតជាមជ្ឈមណ្ឌលហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្សដើម្បី ធានារ៉ាប់រ៉ងលើភារកិច្ចការពារបូរណភាពទឹកដី និងរក្សានូវសុខសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ថា ប្រទេសជាតិមួយខ្លាំង ក៏ខ្លាំងដោយសារកងទ័ពសម័យនេះ មិនខុសពីកងទ័ពសម័យមុន គឺខុសតែអាយុ ខុសតែសម័យកាល ប៉ុន្តែភារកិច្ច និងកាត្វកិច្ចរបស់យើង មិនខុសពីអ្វីដែលបុព្វបុរសខ្មែរយើងបន្សល់ទុកឲ្យនោះទេ គឺមានកាត្វកិច្ចបន្តនូវភារកិច្ចរបស់កងទ័ពខ្មែរយើង ការពារទឹកដី ការពារសុខសន្តិភាព ស្ថិរភាពសង្គម និងសុខសន្តិសុខជូនដល់ប្រជាពលរដ្ឋរបស់យើង។

លោកថា ទោះបីយើងមិនមានសពា្វវុធទំនើបៗ និងបច្ចេកទេសវិទ្យាយោធាដូចលោកខាងលិចក៏ពិតមែន ប៉ុន្តែកងទ័ពខ្មែរ គឺជាកងទ័ពដែលមានស្មារតី និងឆន្ទៈខ្ពស់ក្នុងដំណើរការកសាងសន្តិភាពនៅទស្សវត្សន៍៨០-៩០ និងការស្តាឡើងវិញនៅខឿនការពារជាតិជាបន្តបន្ទាប់ ព្រមទាំងការបើកមុខមាត់មាតុភូមិយើង និងកិត្យានុភាពជាតិដ៏ផូរផង់នៅលើឆាកអន្តរជាតិតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនរបស់កងទ័ព។

ថ្លែងបែបនេះ ខណៈលោកចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆត្រយោង ជំនាន់ទី២៤ និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឆ្លាមសមុទ្រ ជំនាន់ទី៦ នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នៅខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ាណែត បន្ថែមថា ជាមួយនឹងសមិទ្ធផលហ្វឹកហ្វឺនដែលអង្គភាពសម្រេចបាន និងលទ្ធផលជ័យលាភីផ្សេងៗដែលបងប្អូនសិក្ខាកាមបានទទួលនាពេលនេះ សូមផ្តាំផ្ញើរដល់បងប្អូនសិក្ខាកាមបន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន និងធានាឲ្យមានស្វ័យសិក្សាជាប្រចាំ, គោរពបទបញ្ជាផ្ទៃក្នុងអង្គភាព គោរពបទវិន័យកងទ័ព, ត្រូវរក្សាឲ្យបាននូវសុជីវធម៌ និងសេចក្តីថ្លៃថ្នូក្នុងនាមជាកងពលយោធពលខេមរភូមិន្ទ, ត្រូវមុឺងម៉ាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តឲ្យបានដាច់ខាត រាល់បទបញ្ជាដែលមេបញ្ជាការ និងថ្នាក់លើបានប្រគល់ជូន និងស្មោះត្រង់ ព្រមទាំងលះបង់ដាច់ខាតជូនជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល និងការពារឲ្យបាននូវ សុខសន្តិភាពជូនមាតុភូមិ និងប្រជាជន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post