Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រាទាំងកណ្ដាលថ្ងៃ បានបើករថយន្ត​ Lexus បុករះម៉ូតូ និងរថយន្តជាច្រើនគ្រឿង តាំងពីចំណុចជិតវត្តនិរោធ៍ ខណ្ឌច្បារអំពៅ រហូតមកបន្តបុករថយន្ត និងម៉ូតូ២គ្រឿងបន្ថែមទៀត នៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ ទើបឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ខណៈរថយន្តផ្ទុះកង់មុខទាំងសងខាង បើកទៅមុខលែងរួច​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខវត្តនិរោន៍ ខណ្ឌច្បារអំពៅ បន្ទាប់ពីបង្កគ្រោះថ្នាក់ភ្លាមៗ អ្នកបើកបរបានបន្ថែមល្បឿនព្យាមយាមបើករត់គេច រហូតមកដល់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បានបន្តបុករថយន្ត១គ្រឿង ហើយជ្រុលទៅប៉ះម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងឆ្វេង។ ដោយឡែកអ្នកនៅក្នុងរថយន្តរងគ្រោះ សំណាងល្អមិនមានអ្នករងរបួសនោះទេ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកឡិចសុីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-3636 បើកបរដោយបុរសម្នាក់ដែលគេសង្ស័យស្រវឹងស្រា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងកោះនរាយ៍។ លុះមកដល់ចំណុចគ្រោះថ្នាក់ ក៏បានរេចង្កូតទៅប៉ះរុឺម៉កម៉ូតូដឹកទុយយោតែ ហើយរថយន្តមិនបានឈប់នោះទេ ដោយបានបន្ថែមល្បឿនបន្តទៅមុខ បត់ឡើងតាមបណ្ដោយផ្លូវជាតិលេខ១ ក៏ប៉ះក្មេងស្រីម្នាក់ជិះម៉ូតូកូនទាបណ្ដាលឲ្យរបួសស្រាល រួចបន្តទៅប៉ះរថយន្ត១បាំងកន្លះ១គ្រឿងទៀត ហើយរថយន្តបង្កក៏បានព្យាយាមបើករត់បន្ត ក៏ជ្រុលទៅបុកម៉ូតូ Scoopy មួយគ្រឿងទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសជាទម្ងន់ត្រូវបានបងប្អូនដឹកបញ្ជូនទៅព្យាលបាលរបួសនៅមន្ទីរពេទ្យ។ បន្ទាប់ពីបុករះបណ្តាលឲ្យមនុស្ស និងម៉ូតូដេកដួលរដូករណែលពេញផ្លូវហើយនោះ រថយន្តបង្កនៅតែមិនព្រមឈប់ គឺបានបន្តដំណើរទៅមុខទៀត ក៏បានជ្រុលទៅបុករថយន្តធន់ធំមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ យ៉ាងនេះហើយ រថយន្តបង្កនេះ នៅតែមិនព្រមឈប់ទៀត នៅតែព្យាយាមបើកគេច រហូតមកដល់ផ្លូវបំបែកច្រមុះជ្រូក ក៏បានបត់ឆ្វេងតាមផ្លូវ៦០ម៉ែត្រ ខណៈបត់បានប្រហែល១០០ម៉ែត្រ ក៏ជ្រុលទៅបុករថយន្ត១គ្រឿង ម៉ាកម៉ាសស្ដា BT50 ពាក់ស្លាកលេខ នគរបាល 2-2093 ចំពីចំហៀង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹងខូចខាតយ៉ាងដំណំ រួចរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកម៉ូតូស៊ុយហ្សុ៊គីស្មាស់១គ្រឿងទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសបាក់ជើងឆ្វេង ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែករថយន្តបង្កខ្ចេចផ្នែកខាងមុខ និងដាច់កាឡេកង់មុខខាងឆ្វេង ទៅមុខលែងរួច ហើយភ្លាមៗនោះ អ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលចរាចរប្រចាំគោលដៅក្បែនោះ ឃាត់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញដឹកតាមរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ ដោយឡែករថយន្ត និងម៉ូតូដែលរងការខូចខាតទាំងអស់ សមត្ថកិច្ចទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកវាស់វែងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor