header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ ជាបុគ្គលិកធនាគារ អេស៊ីលីដា ដែលត្រូវបុរសជាប្តី ប្រើហិង្សាវាយបណ្តាលឲ្យរបួសជាំភ្នែកម្ខាង ត្រូវបានសមត្ថកិច្ចហៅមកបំភ្លឺ និងត្រូវបានលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ឃាត់ខ្លួនហើយដើម្បីចាត់ការតាមនីតិវិធី ក្រោយពីអនុវត្តន៍តាមបទបញ្ជាររបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

បុរសជាប្តីដៃដល់ខាងលើឈ្មោះ សរ ចាន់ធារិទ្ធិ។ ចំណែកស្រីរងគ្រោះជាប្រពន្ធឈ្មោះ ឆេង សុខរ៉ា អាយុ៣២ឆ្នាំ ជាបុគ្គលិកធនាគារ អេស៊ីលីដា។ អ្នកទាំង២ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលេខ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

លោក ម៉េង វិមានតារា អធិការងនគរបាលខណ្ឌមានជ័យ ទទួលបន្ទុក​យុត្តិធម៌​ ប្រាប់ឲ្យភ្នាក់ងារ​ CAM POST បានដឹងថា តាមការឆ្លើយបំភ្លឺពីបុរសជាប្តីបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ខ្លួនបានមកពីផឹកស៊ីជាមួយមិត្តភក្តិ។ លុះមកដល់ផ្ទះ ក៏ត្រូវប្រពន្ធសម្លក់ និងទះ១កំផ្លៀង តែពេលនោះរូបខ្លួនជាប្តីមិនបានតមាត់ ឬតដៃនោះទេ ព្រោះខ្លាចភ្ញាក់ឪពុកម្តាយ ដែលកំពុងសម្រាន្តនៅខាងលើ។

បុរសជាប្តីបន្តថា លុះពេលរូបគេចូលដល់បន្ទប់ដេក ក៏បានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយរូបគេក៏បានដើរទៅយកកាំបិតបុ័ងតោពីផ្ទះបាយមកគំរាម ហើយខណៈនោះ ម្តាយឪពុកក៏ភ្ញាក់ឡើង និងមកឃាត់ តែត្រូវស្រ្តីជាប្រពន្ធវាយត្រូវចំម្តាយខ្លួន។ ដោយទប់កំហឹងមិនជាប់ រូបគេក៏ធាក់ស្រ្តីប្រពន្ធ១ជើងចំភ្នែកតែម្តង។

ក្រោយពីកើតហេតុបានមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅជនរងគ្រោះមកសួរបំភ្លឺ តែជនរងគ្រោះមិននៅនោះទេ ដោយបានទៅស្រុកនៅឯខេត្តកំពង់ចាម ដើម្បីធ្វើឯកសារលែងលះគ្នា។

លុះនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានកោះហៅ ភាគីទាំងសងខាង ២នាក់ប្តីប្រពន្ធខាងលើនេះ មកសាកសួរ ឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ តែម្តង។

នៅចុងបញ្ចប់នៃការឆ្លើយបំភ្លឺ ស្ត្រីជាប្រពន្ធបានរៀបរាប់ថា នាងមិនបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសជាប្តីមកផ្តន្ទាទោសអ្វីនោះទេ ព្រោះគាត់ទុកឲ្យប្តីនៅចិញ្ចឹមកូនស្រីតូចអាយុ២ឆ្នាំ៣ខែ គ្រាន់តែសូមឲ្យសមត្ថកិច្ចជួយហៅប្តី របស់ខ្លួនមកអប់រំ និងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ហើយនាង និងប្តី នឹងធ្វើការលែងលះគ្នាឲ្យដាច់ស្រេចតាមប្រព័ន្ធតុលាការបន្តទៀត។ ចំណែកបុរសជាប្តី ក៏ធ្វើកិច្ចសន្យាឈប់ទៅរករឿងពាក់ព័ន្ធនឹងប្រពន្ធ ចាប់ពីពេលនេះតទៅ។

ជាក់ស្ដែងដោយអនុវត្តន៍តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពេលនេះ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃាត់ខ្លួនបុរសជាប្តីដែលបានប្រើហិង្សាទៅលើប្រពន្ធខាងលើនេះហើយ ដើម្បីចាត់ការតាមនីតិវិធី ទោះបីប្រពន្ធជនសង្ស័យជាប្តី មិនចង់ឲ្យប្តីជាប់ទោសក៏ដោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post