
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដែលកំពុងតែត្រូវបានតុលាការស៊ើបសួរជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា ស្ត្រីមេម៉ាយកូនបី នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា។ បងប្អូនទាំងពីរ (ឡាយ វណ្ណៈ និងឡាយ ណារិទ្ធ) ជាកូនក្នុងត្រកូលខ្ពង់ខ្ពស់។
ក្រោយពីមានការចាប់ខ្លួនអតីតអភិបាលខេត្តតាកែវ និងអតីតស្នងការរងខេត្តតាកែវ ធ្វើឱ្យលោក ជុំ កុសល នៅមិនសុខ ក៏មានបានសរសេរក្នុងហ្វេសប៊ុកនៅថ្ងៃនេះថា៖ អ្នកកើតមកក្នុងត្រកូលអ្នកមានទ្រព្យធន អ្នកមានអំណាចបុណ្យស័ក្តិ ឬក៏អ្នកបានក្លាយជាសមាជិកគ្រួសារទាំងនោះ អ្នកពិតជាមនុស្សមានសំពាយបុណ្យឬហៅថា អ្នកគឺជាមនុស្សមានសំណាងហើយ។
ទីប្រឹក្សាសម្តេច ហ៊ុន សែន បានសួរថា៖ ចុះហេតុអីបានជាអ្នកមិនចេះប្រើប្រាស់ឱកាសនេះ ដើម្បីកសាងខ្លួនឱ្យកាន់តែប្រសើរឡើង? អតីគ្រូបង្រៀនអក្សរសាស្ត្រខ្មែររូបនេះបន្ថែមថា៖ លោកពិតជាមានការសោកស្តាយចំពោះមនុស្សមួយចំនួនដែលគេមានឱកាសហើយ បែរជាមិនចេះប្រើប្រាស់ឱកាស មានបុណ្យហើយបែរជាមិនចេះធ្វើបុណ្យ បែរជាសាងបាបទៅវិញ? តើមានមនុស្សប៉ុន្មាននាក់ដែលមានវាសនាដូចអ្នក? ប៉ុន្តែអ្នកទៅវិញទេដែលមិនចេះថែរក្សាវាសនារបស់អ្នក។


