
ភ្នំពេញៈ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសចាត់វិធានការស្វែងរកបុគ្គលដើរបំផុសបំផុលបំភ្លៃការពិត ពីករណីធ្វើអត្តសញ្ញាណប័ណ្ណយកលុយក្រោយការបោះឆ្នោតនោះ មកផ្តន្ទាទោសតាមច្បាប់។
ការប្រកាសរបស់រដ្ឋបាលសាលារាជធានីភ្នំពេញនេះ ដោយសាររយៈពេលប៉ុន្មានថ្ងៃនេះ មានបុគ្គលមួយក្រុមតូច បានដើរផ្សព្វផ្សាយតាមមូលដ្ឋានបំផុសបំផុលឲ្យប្រជាពលរដ្ឋប្រញ៉ាប់ប្រញ៉ាល់ធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានមុនពេលបោះឆ្នោត ដោយបំភ្លៃថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ការធ្វើអត្តសញ្ញាណប័ណ្ណនឹងត្រូវគិតថ្លៃសេវា។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការស្វែងរកបុគ្គលដើរបំផុសបំផុលបំភ្លៃការពិតពីករណីធ្វើអត្តសញ្ញាណប័ណ្ណនេះ និងសូមប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនបុគ្គលទាំងនេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់”។
រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់សាជាថ្មីថា រាល់លិខិតបទដ្ឋានគតិយុត្តជាច្រើនសំដៅមិនយកកម្រៃសេវា មិនត្រឹមតែចំពោះការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែរួមមានឯកសារមួយចំនួនទៀត ដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឯកសារអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព)ផងដែរ ធ្វើឲ្យពលរដ្ឋ ដែលឯកសារទាំងអស់នេះ នៅមានសុពលភាពជារៀងរហូត៕
