
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលប្រមូលផ្តុំដោយបញ្ញវន្ត បាននិងកំពុងត្រៀមខ្លួន ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ នៅថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចេញសេចក្តីថ្លែងការស្តីពីជំហររបស់ខ្លួនទាក់ទងនឹងការចូលរួមការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ទោះជាយ៉ាងណា គបម ក៏អាចដកខ្លួនចេញពីការចូលរួមការបោះឆ្នោតវិញ ក្នុងករណីលក្ខខណ្ឌដូចខាងក្រោមនេះមិនត្រូវបានបំពេញ៖
១- គ្មានការរំខានក្នុងការធ្វើសកម្មភាពដូចជា ការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្រ
២- មិនមានការគំរាមកំហែងក្រោមរូបភាពផ្សេងៗ ដល់បេក្ខជន សកម្មជន និងអ្នកគាំទ្រ
៣- សេរីភាពប្រកបដោយយុត្តិធម៌ក្នុងការផ្សព្វផ្សាយអំពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និង
៤- មានការផ្តល់សិទ្ធិ និងសេរីភាពពេញលេញដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីបានចូលរួមពេញលេញ ទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍នេះដែរ គបម យល់ឃើញថា មានតែការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដែលអាចផ្តល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ចូលរួមប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងជាតិខ្មែរ ប្រកបដោយសន្តិភាព សេចក្តីថ្លៃថ្នូរ និងមានអធិបតេយ្យភាពពេញលេញ។

គណបក្សនេះបាននិងកំពុងតែបើកយុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ នៅតាមបណ្តាខេត្តមួយចំនួន។
សូមរំលឹកថាគណបក្សអំណាចខ្មែរដែលបានបង្កើតឡើងដោយលោក សួន សេរីរដ្ឋា បានសម្រេចមិនចូលរួមក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទេ។
