
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ អាស៊ីសេរីបានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការចោទប្រកាន់របស់លោក ហ៊ុន សែន និង មន្រ្តីរបស់លោក មកលើលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ។ ការចោទប្រកាន់ចុងក្រោយ ទាំងអម្បាលម៉ាននេះ មិនត្រឹមតែជាអំពើខ្វះភាពសុចរិត និង ខ្វះសច្ចៈប៉ុណ្ណោះទេ ប៉ុន្តែវាជាឆាកកំប្លែងឆ្កួតលីលាមួយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែចិញ្ចឹមចិត្ត យកមកថ្លែងជាសាធារណៈ ហើយបន្តឱ្យប្រព័ន្ធផ្សព្វផ្សាយ ដែលជាករណ៍ឃោសនា និង ជាសត្វសេករបស់លោក ខំបំពងសំឡេងបន្ថែម។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ ផ្ទុយទៅវិញ អ្វីដែលជាភាពសុចរិត និង សេចក្តីពិតនោះ គឺបុគ្គលិកអាស៊ីសេរីលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ មិនបានរំលោភគោលការណ៍ របស់ស្ថាប័នអាស៊ីសេរីនោះទេ ចំពោះការទាក់ទងរកប្រភពផ្សេងៗ ដើម្បីរកលទ្ធភាពជួបសម្ភាស ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំមុននោះ។
អ្នកសារព័ត៌មាន នៅស្ថាប័នអាស៊ីសេរី ក៏ដូចនៅស្ថាប័នព័ត៌មាន ដ៏គួរទុកចិត្តដទៃទៀតដែរ គឺសុទ្ធតែមានសេរីភាពពេញលេញ ក្នុងការនិយាយទាក់ទងជាមួយមន្រ្តីណាក៏បាន។ លោក ហួត វុទ្ធី ពិតជាបានជូនដំណឹងជាផ្លូវការ ទៅថ្នាក់ដឹកនាំរបស់អាស៊ីសេរី អំពីជំនួបជាមួយមន្រ្តីរបបលោក ហ៊ុន សែន និង បានកត់ត្រាទុកនូវកិច្ចសន្ទនាគ្នា ជាមួយលោក ហ៊ុន ម៉ាណែត និង លោក ម៉ៅ សុផាន់ នោះផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បន្តទៀតថា៖ ការមួលបង្កាច់ការពិត និងបញ្ចេញខ្សែអាត់សំឡេងតែមួយផ្នែក ហើយកែ និងកាត់តផង គឺគ្មានបង្ហាញអ្វី ក្រៅពីភស្តុតាង ដែលសបញ្ជាក់ឲ្យឃើញច្បាស់ថា អាជ្ញាធរកំពុងប៉ុនប៉ង បន្សាបសំឡេងឯករាជ្យ។ ទោះបីអាស៊ីសេរី បានព្យាយាមអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង មន្រ្តីរបស់លោក ជាច្រើនលើកច្រើនសា ដើម្បីសុំសម្ភាស និង សុំឲ្យពួកលោកបំភ្លឺនូវការចោទប្រកាន់ទាំងអស់នោះ ប៉ុន្តែលោក ហ៊ុន សែន និង មន្រ្តីរបស់លោក មិនព្រមផ្តល់បទសម្ភាសន៍ទេ តែបែរជាជ្រើសរើសយកវិធីមិនសុចរិត បំភ័ន្ដមតិ ដើម្បីបង្កើនការបង្ក្រាបលើ សេរីភាពសារព័ត៌មាន បែបនេះទៅវិញ។
សូមរំលឹកថា កាលពីដំណើរទស្សនកិច្ចក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី សម្តេច ហ៊ុន សែន បានចោទប្រកាន់ លោក ជុន ចាន់បុត្រ ជាចារកិច្ចរបស់សម្តេច។

