
មណ្ឌលគិរីៈ ស្ត្រីម្នាក់ត្រូវបានប្តីដែលមានសតិមិនគ្រប់ កាប់នឹងកាំបិតផ្គាក់ស្ទើរតែដាច់កធ្លាក់ពីលើស្មាស្លាប់ភ្លាមៗក្នុងថ្លុកឈាម រួចជនដៃដល់ បានសម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុក្ខកូនតូច៣នាក់ ឲ្យរស់នៅកំព្រា។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុមការ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ង្រេីម វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិភ្នង។ ចំណែកស្រ្តីរងគ្រោះជាប្រពន្ធឈ្មោះ ក្លើយ សុកេ អាយុ៤០ឆ្នាំ ជនជាតិភ្នង។ អ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់បានយកកាំបិទផ្គាក់ធ្វើសកម្មភាពកាប់ទៅលើស្រ្តីរងគ្រោះជាព្រពន្ធត្រូវបំពង់ករ ១កាំបិត និងត្រូវកញ្ចឹងករ ពីក្រោយ ១កាំបិត ខណៈនាងកំពុងបេះត្រួយស្អំ បណ្តាលឲ្យស្លាប់នៅក្រោមដើមស្អំ ជិតផ្ទះ។ ក្រោយសម្លាប់ប្រពន្ធរួច ជនសង្ស័យជាប្តីបានយកកាំបិតចុងស្រួច អារកធ្វើអត្តឃាតខ្លួនឯង បណ្តាលឲ្យស្លាប់ដេកទន្ទឹមគ្នាជាមួយសាកសពប្រពន្ធនៅកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានបន្ថែមទៀតថា មូលហេតុដែលឈានដល់ការសម្លាប់ប្រពន្ធខ្លួនឯងបែបនេះ គឺជនសង្ស័យជាប្តី មានសតិមិនល្អ (ឆ្កួតរយៈពេល៦ ខែហើយ)។
ករណីនេះ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ និងបានប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕




