header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ប្រជាពលរដ្ឋបានសម្ដែងនូវការមិនសប្បាយចិត្ត ចំពោះផ្លូវ២ខ្សែ រងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ដោយមន្ត្រីទទួលបន្ទុកមិនមានការជួសជុល ឡើងវិញនោះទេ។

ប្រជាពលរដ្ឋថា ផ្លូវក្រវាត់ក្រុងទាំង២ខ្សែនោះ ឈ្មោះថា ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ១ខ្សែចាប់ពីចំណុចស្វាយធំ សង្កាត់អំពិល ឆ្ពោះទៅដល់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវខាងជើងអង្គរវត្ត ចំណុចជញ្ជីង ឆ្ពោះទៅពាក់ស្នែង ស្ថិតក្នុងឃុំភ្លង់ ស្រុកអង្គរធំ កំពុងតែខូចខាតស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរហាក់បីមើលរំលងទៅវិញ។

មន្រ្តីសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានច្រានចោលនូវបញ្ហាប្រឈមនេះថា ផ្លូវទាំង២ខ្សែនេះ ស្ថិតនៅក្រោមការគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា មិនពាក់ព័ន្ធនឹងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តនោះទេ។ ដោយឡែក ជញ្ជីងនៅចំណុចជាប់កែងផ្លូវទៅពាក់ស្នែង គឺជាជញ្ជីងរបស់អាជ្ញាធរជាតិអប្សរាផងដែរ។

បើតាមប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមួយនេះថា កន្លងមក មានការជួសជុលដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃទេ ក៏ត្រូវរងការខូចទៅវិញដដែល មិនដឹងមកពីមូលហេតុអ្វីនោះទេ។ ការខូចបែបនេះ ដោយសារថយន្តធំៗ ដឹកដី ដឹកខ្សាច់ បើកបរឆ្លងកាត់។ ចំណែកជញ្ជីងថ្លឹងរថយន្តទាំងនោះ អាចជាការដាក់ដើម្បីប្រមូលលុយដាក់ហោប៉ៅតែប៉ុណ្ណោះ។

មជ្ឈដ្ឋាននានា បានលើកឡើងថា ផ្លូវទាំង២ខ្សែនេះ ឆាប់ខូចមកពីអាជ្ញាធរធ្វើផ្លូវមិនត្រូវស្តង់ដារ បច្ចេកទេស ទើបធ្វើពីមុខខូចក្រោយយ៉ាងដូច្នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់អ្នកយកព័ត៌មានថា ផ្លូវ២ខ្សែខាងលើ អាជ្ញាធរជាតិអប្សរា មិនទុកចោលនោះទេ ព្រោះការអភិរក្ស និងការអភិវឌ្ឍ របស់អាជ្ញាធរជាតិអប្សរា វាដើរទន្ទឹមគ្នា។ ចំពោះការអភិវឌ្ឍវិញ អាជ្ញាធរត្រូវតែធ្វើ គ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ដោយសាតែកំពុងរង់ចាំថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រហែលជា៣ខែទៀត ទើបធ្វើការជួសជុល។

ដោយឡែក ផ្លូវចាប់ពីផ្លូវជាតិលេខ៦ ចំណុចស្វាយធំ រហូតដល់រង្វង់មូលព្រៃគុយ វាខូចខាតខ្លាំង និងពីរង្វង់មូលព្រៃគុយ ដល់ព្រះដាក់ខូចខាតល្មម ដោយសារថយន្តដឹកដី អាជ្ញាធរជាតិអប្សរា បានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយ។

លោកបានបញ្ជាក់ថា ផ្លូវទាំង២ ខ្សែនេះគឺជាផ្លូវ បញ្ជៀសការកកស្ទះ ចរាចរណ៍នៅអង្គរ និងជាផ្លូវសម្រាប់ បញ្ជៀស រថយន្តធំៗដឹកទំនិញដឹកដីផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post