
ភ្នំពេញៈ សេចក្ដីរាយការណ៍ពីភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១៖០០នាទីយប់ ឈានចូលថ្ងៃសៅរ៍នេះ ផ្សែងនៅតែបន្តហ៊ុយចេញពីក្នុងអគារខារ៉ាអូខេ កូប្រាហ្គោល នៅឡើយទេ បើទោះបីមានកិច្ចអន្តរាគមន៍បាញ់ពន្លត់ររបស់កម្លាំងសមត្ថកិច្ច ក៏ដូចជាក្រុមពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងយ៉ាងណាក៏ដោយ។
ចំណែកឯក្រុមពន្លត់អគ្គិភ័យ២នាក់ បានជួបបញ្ហាថប់ដង្ហើម ខណៈពេលអស់ខ្យល់អុកស៊ីហ្សែនក្នុងពេលចូលទៅបាញ់ពន្លត់ភ្លើង នៅខាងក្នុងអគារខារ៉ាអូខេ កូប្រាហ្គោល ដែលកំពុងឆាបឆេះក្នុងបន្ទប់ជាន់ខាងលើ។ រថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះហើយ។
សូមបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចអគារខារ៉ាអូខេ កូប្រាហ្គោល តាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យ៉ាងណាមិញ ខាងអាជ្ញាធរ និងសមត្ថកិច្ច មិនទាន់អាចបញ្ជាក់ឲ្យដឹងអំពីមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះដោយសារអ្វីនៅឡើយទេ រីឯការខូចខាតក៏មិនទាន់ដឹងដែរ ខណៈកម្លាំងកំពុងបន្តអន្តរាគមន៍នៅឡើយ៕













