
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ បានប្រកាសផ្តល់កាដូឆ្នាំថ្មី ជូនប្រជាជពលរដ្ឋ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅតាមបណ្តាខេត្ត តាមផ្លូវជាតិលេខ១ និង លេខ៥ ជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយមិនយកលុយ នៅមុននិងក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ថែមលើការជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃផងដែរ នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង)។
ការប្រកាសផ្តល់កាដូឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ បន្តអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣,៤០១នាក់ ស្រ្តី ១,៩៤៦នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេច ហ៊ុន សែន បានថ្លែងថា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ឡានត្រូវរត់ ហើយដល់ពេលផុតថ្ងៃហ្នឹង ឡាននេះក៏វាឈប់ចេញទៅដែរ គឺមករត់ក្នុងក្រុងវិញ មើលឲ្យវាសប្បាយបន្តិចមើល។ អីចឹងទេ ពួកថៅកែៗដែលដំឡើងថ្លៃ គាត់ត្រូវចាប់បង្ខំឲ្យចុះថ្លៃ។ សម្តេចបានណែនាំឱ្យរដ្ឋបាលសាលាក្រុងភ្នំពេញ បានត្រៀមរថយន្តក្រុងដែលមានផ្លាកសញ្ញា រាជធានីភ្នំពេញ ចំនួន ៦០ គ្រឿង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

រដ្ឋបាលរាជធនីភ្នំពេញ បានសម្រេចកំណត់ទីតាំងសម្រាប់ប្រជាពលរដ្ឋជិតរថយន្តក្រុងដោយឥតគិតថ្លៃចំនួន៣កន្លែង ដោយនៅផ្លូវជាតិលេខ១ ត្រូវឡើងជិះនៅមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ជិតទីតាំងក្រុមហ៊ុនរថយន្តម៉ែកសឺដេស និងសម្រាប់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទីតាំងត្រូវឡើងជិះមាន២កន្លែង ដែលទី១ គឺម្តុំអូឌឹម ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវជាតិលេខ៥ និងទី២ គឺឡើងជិះនៅទីលានប្រជាធិបតេយ្យ ផ្លូវជាតិលេខ៥។



សូមបញ្ជាក់ថា រដ្ឋបាលរាជធនីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលបានការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅក្នុងក្រុងភ្នពេញរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
