
ព្រៃវែងៈ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវសង្ឈក្លែងក្លាយ២អ្នក ល្បួងឲ្យឌុបដល់កន្លែងស្ងាត់ ក៏បានឲ្យពូម៉ូតូឌុបឈប់ រួចវាយប្លន់យកម៉ូតូជិះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចក្របួចជាប់ កាលពីវេលាម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិតាមូង ឃុំថ្កូវស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យដែលឃាត់ខ្លួន ទី១.ឈ្មោះ សុីម វិសាល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក និងទី២.ឈ្មោះ ប៉ុល បញ្ញា អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពោន ស្រុកត្របែក។ ចំណែកជនរងគ្រោះឈ្មោះ ឈឹម ខឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិស្នួល ឃុំធាយ ស្រុកបាភ្នំ។


ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុ សង្ឃក្លែងក្លាយទាំង២នាក់ខាងលើនេះ បានហៅឲ្យជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបដឹកជូនទៅវត្តបឹងក្រទឹប ដោយធ្វើដំណើរតាមម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-1393។ លុះមកដល់កន្លែងស្ងាត់ចំណុចកើតហេតុខាងលើ ជនសង្ស័យទាំង២នាក់ក៏បានឲ្យឈប់ម៉ូតូ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះជិះគេចបាត់។ ភ្លាមៗនោះ ក៏មានការផ្អើលឆោរឡោដឹងដល់សមត្ថកិច្ច និងបានដាក់កម្លាំងស្ទាក់ដេញតាម រហូតដល់ចំណុចភូមិសុណនចៃ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ទើបស្ទាក់ចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
