
កណ្ដាលៈ បុរសម្នាក់ សង្ស័យតណ្ហាឡើងខ្លាំង បានឡើងទៅបើកមុងចាប់រំលោភកូនស្រីគេនៅលើផ្ទះទាំងកណ្តាលយប់ ហើយត្រូវនារីរងគ្រោះដឹងទាន់ ស្រែកឆោឡោឮដល់ឪពុកម្តាយ បើកភ្លើងឃើញជនសង្ស័យនៅក្នុងមុងជាមួយនារីរងគ្រោះ ទើបទូរស័ព្ទប្តឹងប៉ូលិសឲ្យមកវាយខ្នោះបានភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១និង១៥នាទីយប់ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
អធិការនគរបាលស្រុកស្អាង វរសេនីយ៍ សេង សុជាតិ ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ.ហ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ធួន សារ៉ាយ ហៅ ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មកស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកអធិការបន្តថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានទ្បើងទៅលើផ្ទះរបស់ជនរងគ្រោះ ហើយបានបើកមុងចូលចាប់ច្រចាច់ក និងខ្ទប់មាត់ ហើយថើបលើជនរងគ្រោះ។ ភ្លាមនោះ ជនរងគ្រោះ បានរើបម្រះ និងខាំដៃជនសង្ស័យ ហើយស្រែកឲ្យឪពុកម្តាយជួយ។ ក្រោយឮសំឡេងស្រែកឲ្យជួយរបស់កូន ឪពុកម្តាយក៏ស្ទុះទៅឃើញជនសង្ស័យឈ្មោះ ធួន សារ៉ាយ នៅក្នុងមុងរបស់កូនប្រាកដមែន។ ឃើញដូច្នេះ ឪពុកក៏បានទូរស័ព្ទមកប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ។

លោកអធិការបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្ដឹងជាក់ស្ដែង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕


