header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឃាតកឈ្មោះ អង សំណាង ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីសម្លាប់កូនស្រីអាយុ២ខួប រួចបន្តទៅសម្លាប់ឪពុកក្មេកនៅស្វាយរៀង។

សវនាការកាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ អង សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់កូនស្រីអាយុ២ខួប រួចបន្តទៅសម្លាប់ឪពុកក្មេកនៅស្វាយរៀងពិនមែន ដោយសារខ្លួនខឹងនឹងម្តាយក្មេក។

កាលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន ជនត្រូវចោទឈ្មោះ អង សំណាង ដែលបានរឹត ក សម្លាប់កូនស្រីបង្កើត និងច្របាច់ក សម្លាប់ឪពុកក្មេកជាបណ្ដោះអាសន្ន។

លោក ងិន ពេជ្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើ ឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ ជនត្រូវចោទ បានរឹត ក សម្លាប់ កូនស្រី បង្កើត ឈ្មោះ ពេ ជ ចរិយា អាយុ៣ឆ្នាំ ដោយរឹតក នឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ក្រោយ សម្លាប់ កូនស្រី រួចនៅរសៀល ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៧ ជនត្រូវចោទបាន រត់គេចខ្លួន ទៅ ខេត្តស្វាយរៀង ដើម្បីទៅច្របាច់ក សម្លាប់ ឪពុកក្មេក ឈ្មោះ ពេជ ជឿ ភេទប្រុស អាយុ៥៧ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក។

ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាល ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ជន ត្រូវចោទកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ នៅស្រុកកំណើត នៅភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post