
ភ្នំពេញៈ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន៤នាក់ ក្នុងនោះមានជនជាតិចិន២នាក់ និងខ្មែរ២នាក់ ជាមួយនិងគ្រឿងញៀនទម្ងន់២៦គីឡូក្រាម ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ហាញមុខកាលពីព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវតាមដានក្រុមជនល្មើសគ្រឿងញៀននេះ តាំងពីថ្ងៃទី៧ មីនាមកម្ល៉េះ ទើបកំណត់បាននូវមុខសញ្ញាជួញដូរគ្រឿងញៀននេះ និងទីតាំងលួចផលិតស្តុក និងជួញដូរ។ បន្ទាប់មកដោយទទួលបានគោលការណ៍ពីព្រះរាជអាជ្ញាអមតុលាការ ទើបផ្នែកជំនាញបានបង្ក្រាបចាប់ខ្លួនជនជាតិចិន២នាក់និងខ្មែរ២នាក់ ដោយរឹបអូសគ្រឿងញៀនប្រមាណ២៦គីឡូក្រាម ដោយចាប់ផ្ដើមប្រតិបត្តិការនៅថ្ងៃទី៧ មេសា នៅចំណុចផ្លូវអង្គរ សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ ។
ប្រតិបត្តិការលើកទី១នេះសមត្ថកិច្ច បានចាប់ខ្លួនឈ្មោះ លី ហុងអ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ រឹបអូសគ្រឿងញៀនមេតំហ្វេតាមីន៦កញ្ចប់មានទម្ងន់៥៩៨៥,៤៦ក្រាម។
បន្ទាប់មកសមត្ថកិច្ច បានចាប់ខ្លួនឈ្មោះ ស៊ី យ៉ាវហ្វុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ។ ចាប់ខ្លួនឈ្មោះ ឈរ ប៊ុនឆាយ ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ សំ កុកឈាង ភេទប្រុស ជនជាតិខ្មែរ។

លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ បានបន្តទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យរួចមកសមត្ថកិច្ចបានបន្តទៅគោលដៅទី២ គឺផ្ទះលេខ ១២២ ផ្លូវលេខ២ បុរីខាំកូស៊ីធី សង្កាត់ឫស្សីកែវ ដោយរឹបអូសគ្រឿងញៀនមេតំហ្វេតាម៉ិន១កញ្ចប់ទម្ងន់៤៣,៤៦ក្រាម។ ហេរ៉ូអ៊ីន៤កញ្ចប់ទម្ងន់៧,៨២ក្រាម។ កេតាម៉ីន១កញ្ចប់ទម្ងន់ ៩,៨១ក្រាម និងកុំព្យូទ័រមួយ។ បន្ទាប់មកសមត្ថកិច្ចបន្តមកគោលដៅទី៣គឺផ្ទះលេខ ១១៣អឺដឺ ផ្លូវលេខ១៧៣ សង្កាតទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

គោលដៅនេះសមត្ថកិច្ចបានរឹបអូសមេតំហ្វេតាម៉ីន៦៥៣៧,៤៤ក្រាម មេតំហ្វេតាមីនរាវ ៥៦០០ក្រាម ហេរ៉ូអ៊ីន ២១០ក្រាម កេតាមីនម្សៅ៣៨៤,១៦ក្រាម កេតាមីនគ្រាប់៩០ក្រាម ម្សៅកេតាមីន៧៩០០ក្រាម ជញ្ជីងថ្លឹង៣គ្រឿងនិងសម្ភារៈវេចខ្ចប់មួយចំនួនធំ។ ដូច្នេះក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានរឹបអូសសសរធាតុញៀនសរុបជាង២៦គីឡូក្រាម។
ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទាំងនេះ នឹងត្រូវបញ្ជូនឡើងតុលាការនៅថ្ងៃស្អែក៕




