header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស២នាក់ បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតភ្លាមៗ បន្ទាប់ពីបុរសម្នាក់ បើករថយន្តក្រុមហ៊ុន លីហួរ វេរលុយ ទៅបុកម៉ូតូរបស់ពួកគេពីក្រោយពេញទំហឹង ទាំងកំរោលដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមស្ពានអាកាស៥មករា តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GT-7752 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង។ លុះពួកគេជិះមកដល់កន្លែងកើតហេតុ ខណៈបម្រុងបត់ឆ្វេងដៃឡើងផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែរថយន្តរបស់ក្រុមហ៊ុន លីហួរ វេរលុយ មួយគ្រឿងម៉ាក ហ្វត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5287 បើកបរដោយបុរសម្នាក់ មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូអង្គុយខាងក្រោយរងរបួសធ្ងន់ធ្ងរ ត្រូវមិត្តភ័ក្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។ ចំណែកអ្នកបើកបរម៉ូតូបានរងរបួសស្រាល និងខូចខាតម៉ូតូមួយកំណាត់ក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា។ ប៉ុន្តែដោយភាគីម៉ូតូទារសំណង២៥០ដុល្លារ ខណៈខាងរថយន្តបង្កឲ្យតែ១០០ដុល្លារ ចរចាគ្នាមិនត្រូវ ទើបសមត្ថកិច្ចទាក់ទងទៅជំនាញ មកវាស់វែងយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post