
ភ្នំពេញៈ បុរសម្នាក់ ចេញពីផឹកស៊ីវិញ ស្រវឹងទោរទន់ បានបើករថយន្ត LEXUS 470 ក្នុងល្បឿនលឿន ព្រមទាំងទាំងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តយីឌុប ដឹកទំនិញចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកមនុស្សរងរបួសតិចតួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចស្ពានដែកចំការដូង ផ្លូវ២១៧ កែងផ្លូវ៣៧១ ស្ថិតភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មានវ័យប្រហែលជាង៣០ឆ្នាំ បើករថយន្តប្រភេទយីឌុប ដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3945 ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន រថយន្តបានបន្ថយល្បឿនតិចៗ ស្របពេលនោះ ស្រាប់តែបុរសម្នាក់ វ័យប្រហែលជាង៤០ឆ្នាំ មិនដឹងថា ចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ គឺបានបើករថយន្តម៉ាក LEXUS-470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-0588 បានធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅស្របគ្នា ព្រមទាំងល្បឿនលឿនផងនោះ បានជ្រុលទៅបុកនឹងរថយន្តដឹកទំនិញពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្ត ឡិចស៊ីស រងការខូចខាតផ្នែកខាងមុខ និងធ្វើឲ្យអ្នកបើករងរបួសបែកក្បាលបន្តិចបន្តួច។ ដោយឡែក រថយន្តដឹកទំនិញវិញ រងការខូចខាតកាងខាងក្រោយបន្តិចបន្តួចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌ និងក្រុង បានចុះទៅកន្លែងកើតហេតុ តែមិនបានឃាត់បុរសដែលស្រវឹងទោរទន់នោះទេ គឺឲ្យតំណាងភាគីទាំងសងខាង ធ្វើការសម្របសម្រួល ដោយសុំស្មើគ្នា ហើយយករថយន្តទៅជួសជួលរៀងៗខ្លួន។
ករណីនេះផងដែរ បងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានរិះគន់សមត្ថកិច្ចជំនាញក្រុង រឿងមិនឃាត់ខ្លួនបុរសដែលបើករថយន្តទាំងសភាពស្រវឹងទោរទន់ ទៅបុកគេនោះ គឺទុកឲ្យបុរសរូបនោះ ដោះស្រាយដោយងាយស្រួលបែបនេះ។ ពួកគាត់បានស្នើឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យជាតិស្រវឹងទៀត ព្រោះថា ករណីមនុស្សស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍មិនព្រមឃាត់ បែរជានាំគ្នាឃាត់អ្នកដែលស្រវឹងដែលធ្វើដំណើរតាមផ្លូវបន្តិចបន្តួចទៅវិញ៕


