
ត្បូងឃ្មុំៈ ឃាតកឈ្មោះ ជ្រាំង ភូ ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិអកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបានកាប់ និងអារ.កសម្លាប់ប្រពន្ធ និងកូនប្រុស២នាក់ យ៉ាងសាហាវព្រៃផ្សៃបំផុត នៅលើផ្ទះស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីដើមខែមេសានេះនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។
ប្រតិបត្តិការបង្ក្រាបជនល្មើសក្នុងករណីឃាតកម្មនេះ ដោយសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ជាម្ចាស់ករណី សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងប្រធានក្រុមដឹកនាំ CPU ព្រមទាំងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានតាមប្រមាញ់ដោយប្រើប្រាស់ជំនាញ ហើយចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ចំណុចភូមិពោធិវង្ស សង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ វេលាម៉ោង៥៖០៥នាទីរសៀល ខណៈជនល្មើសបម្រុងគេចខ្លួនទៅប្រទេសថៃ។

នៅពេលចាប់ជននេះបានហើយនោះ សមត្ថកិច្ចបានរកឃើញខ្សែក និងម៉ូតូរបស់ជនរងគ្រោះ (ជារបស់ប្រពន្ធ) ដែលមានរយៈពេល០៤ថ្ងៃគត់ គិតចាប់ពីថ្ងៃសម្លាប់ប្រពន្ធ និងកូនប្រុស២នាក់។ ហើយជនល្មើស ក៏ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំហើយដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធីច្បាប់។

គួររំឭកថា ឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ បណ្តាលឲ្យមនុស្សមួយគ្រួសារសរុប៤នាក់ បានស្លាប់បាត់បង់ជីវិត ឈាមស្រោចពេញលើផ្ទះ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទាក់ទិននឹងករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្មសម្លាប់មនុស្សរហូតដល់ទៅ៤នាក់ រួមទាំងកូនក្នុងផ្ទៃអាយុជាង២ខែម្នាក់ផងនោះ គឺអាចជាប្តីក្រោយរបស់ស្ត្រីរងគ្រោះជាអ្នកប្រព្រឹត្ត។
វរសេនីយ៍ តូ ឆៃលាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ ឲ្យដឹងថា សពជនរងគ្រោះត្រូវបានជនល្មើសកាប់សំដៅក បណ្ដាលឲ្យស្លាប់ទាំង៣នាក់ នៅលើផ្ទះតែម្តង។ ជនរងគ្រោះទី១.ឈ្មោះ ឃាង សុកលាន អាយុ៤២ឆ្នាំ ជាម្តាយ (មានកូនក្នុងផ្ទៃអាយុជាង២ខែម្នាក់ទៀត) ទី២.ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ កូនដើម និងទី៣.ឈ្មោះ ធឿន ធារី ភេទប្រុស អាយុ១១ឆ្នាំ។
លោកមេបញ្ជាការ បន្តថា តាមការពិនិត្យកន្លែងកើតហេតុ គឺជនដៃដល់ទំនងជាធ្វើសកម្មភាពនៅពេលជនរងគ្រោះកំពុងដេកលង់លក់ ដោយបានកាប់សំដៅកទាំងអស់ នៅចន្លោះម៉ោងប្រហែលពី១ទៅ៣យប់ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។ ក្រោយពីសម្លាប់ជនរងគ្រោះហើយ ជនសង្ស័យបានប្រមូលយកទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ប្រហែលជិត១ម៉ឺនដុល្លារ រួចគេចខ្លួនបាត់។ ប៉ុន្តែសមត្ថកិច្ច ទើបទទួលបានព័ត៌មានឃាតកម្មខាងលើនេះ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីស្ត្រីជាបងរបស់ស្ត្រីរងគ្រោះ បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋាន។
តាមការស៊ើបអង្កេតជាបឋមរបស់មន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថ បានសន្និដ្ឋានថា ជនសង្ស័យជាឃាតក គឺជាប្តីក្រោយរបស់ជនរងគ្រោះ ដែលមានឈ្មោះ ជ្រាំង ភូ អាយុ៤៨ឆ្នាំ ហើយក៏ជាឪពុកទារកនៅក្នុងផ្ទៃស្ត្រីជាម្តាយ មានស្រុកកំណើតនៅភូមិអកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង៕



















