
ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានបង្ហោះដ្រូននៅក្បែរវិមានឯករាជ្យ ហើយក៏បានហោះនៅតំបន់ហាមឃាត់ ក៏ត្រូវបានសមត្ថកិច្ចតាមរកឃើញអ្នកបង្ហោះ ទើបឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃសៅរ៍ ៧កើត ខែពិសាខឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ បានមកអង្គុយលើសួនក្បែររូបសំណាក់ព្រះបរមរតនកោដ្ឋ ហើយបានបង្ហោះដ្រូនទៅលើវិមានឯករាជ្យ រួចបន្តហោះទៅលើផ្ទះនាយករដ្ឋមន្ត្រី និងតំបន់ហាមឃាត់មួយចំនួនទៀត ទើបកងអង្គរក្សយាមនៅក្បែរនោះឃើញ ក៏រាយការណ៍មកសមត្ថកិច្ចឲ្យតាមរកមើលអ្នកបង្ហោះ ទើបឃើញអ្នកបង្ហោះឲ្យទម្លាក់ដ្រូនចុះវិញ ដោយនាំខ្លួនគេ និងដ្រូនយកទៅប៉ុស្ដិ៍នគរបាលចតុមុខ ដើម្បីមកសាកសួរ។

ក្រោយពីធ្វើការសាកសួរនាំហើយ ជនជាតិចិនវ័យប្រហែលជា២០ឆ្នាំជាងនោះ ក៏បាននិយាយថា ខ្លួនមិនបានដឹងថា កន្លែងនោះគេហាមឃាត់នោះទេ។ ខ្លួនគ្រាន់តែបង្ហោះមើលទិដ្ឋភាពនៅជុំវិញវិមានឯករាជ្យ កម្សាន្តលេងតែប៉ុណ្ណោះ។ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឲ្យមកនាំខ្លួនជនជាតិចិន យកទៅសាកសួរនាំបន្តទៀត៕


