header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃទី១០ ខែមេសា ម្សិលមិញនេះ ម៉ោងប្រមាណជាង០៨ យប់ មានករណីចរាចរប្រាក់ដុល្លារក្លែងក្លាយមួយនៅក្នុងហាង 8.9 ហាងលក់ភេសជ្ជៈ ដោយក្រុមភេទទី៣ បីនាក់ នេះបើយោងតាមការអះអាងពីម្ចាស់ហាងនេះ។

ប្រភពពីម្ចាស់ហាងបានបន្តថា ក្រុមភេទទី៣នេះ បានចូលមកទិញស្រាតម្លៃប្រមាណ ១០ដុល្លារ ហើយឲ្យក្រដាសប្រាក់ ១០០ដុល្លារ តែម្ចាស់ហាងសង្ស័យក៍មិនទទួល ដោយទាមទារឲ្យប្ដូរក្រដាសប្រាក់ថ្មីវិញ តែខាងក្រុមភេទទី៣នេះមិនមាន ក៍សន្យាថាកន្លះម៉ោងក្រោយនឹងមកយកស្រាដែលខ្លួនកុម៉្មង់ រហូតមកដល់ពេលនេះនៅមិនឃើញក្រុមខាងលើមកទទួលស្រាឡើយ ទើបម្ចាស់ហាងសម្រេចប្រកាសតាមហ្វេសប៊ុក និងឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះករណីនេះ។

ទស្សនាវីដេអូ

ទាក់ទិននឹងបញ្ហានេះ មេធាវី អ៊ូរ អេឡែន ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រ កម្ពុជា បានបកស្រាយថា យោងតាមមាត្រា ៤, មាត្រា ៦៥១ និង មាត្រា ៦៤៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចុះ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ការចរាចរណ៍ក្រដាសប្រាក់ដុល្លារសហរដ្ឋអាមេរិកក្លែងក្លាយនៅលើទីផ្សារ អាចត្រូវបានបែងចែកជា បី (០៣) ករណី ដាច់ដោយឡែកពីគ្នា។

ករណីទី ១៖ ប្រសិនបើជនដែលបានទទួលប្រាក់ដុល្លារក្លែងក្លាយពុំបានដឹងថាប្រាក់នោះក្លែងក្លាយទេ នៅពេលដែលខ្លួនបានទទួល ហើយបានយកទៅចាយវាយបន្តដោយពុំបានដឹងទាល់តែសោះថា ប្រាក់នោះជាប្រាក់ដុល្លារ ក្លែងក្លាយ ក្នុងករណីនេះ គឺពុំមានបទបញ្ញត្តិណាមួយនៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពីទោសទណ្ឌលើជននោះទេ។

ករណីទី ២៖ ប្រសិនបើជនដែលបានទទួលប្រាក់ដុល្លារក្លែងក្លាយពុំបានដឹងថាប្រាក់នោះក្លែងក្លាយទេ នៅពេលដែលខ្លួនបានទទួល (ដោយខ្លួននឹកស្មានថា ជាប្រាក់ដុល្លារពិតប្រាកដ) ប៉ុន្តែក្រោយពីបានទទួលរួចហើយ ទើបខ្លួន បានដឹងតាមក្រោយវិញថា ប្រាក់ដុល្លារនោះគឺក្លែងក្លាយទេ។

ប៉ុន្តែខ្លួននៅតែយកវាទៅចាយវាយបន្តទៀត បើទោះបីជា ដឹងថាប្រាក់ដុល្លារនោះក្លែងក្លាយក៏ដោយ ក្នុងករណីនេះ ជននោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និង ពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀលទៅ ១០.០០០.០០០ (ដប់លាន) រៀល តាមមាត្រា ៦៥១ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ករណីទី ៣៖ ប្រសិនបើជនដែលបានទទួលប្រាក់ដុល្លារក្លែងក្លាយ បានដឹងថា ប្រាក់ដែលខ្លួនទទួលជាប្រាក់ដុល្លារ ក្លែងក្លាយ នៅពេលដែលខ្លួនកំពុងទទួល ហើយជននោះនៅតែទទួលទៀត និង បានយកទៅចាយវាយបន្តទាំងដឹងថា ប្រាក់នោះជាប្រាក់ដុល្លារក្លែងក្លាយ ក្នុងករណីនេះ ជននោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ តាមមាត្រា ៦៤៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនបើ អំពើល្មើសនោះ ត្រូវបានប្រព្រឹត្តឡើងជាក្រុមមានការចាត់តាំង នោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ (ដប់) ឆ្នាំទៅ២០ (ម្ភៃ) ឆ្នាំ ។

ដោយឡែក អ្នកដែលបានក្លែងឬផលិតក្រដាសប្រាក់ដុល្លារក្លែងក្លាយ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ តាមមាត្រា ៦៤៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ sabay

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post