
ព្រះវិហារៈ យុវជនម្នាក់ ត្រូវបានចរន្តខ្សែភ្លើងឆក់ស្លាប់មួយរំពេច ខណៈរូបគេចូលទៅចាប់មាន់ក្នុងទ្រុង ខាងក្រោយផ្ទះ កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង រក្សា ភេទប្រុស អាយុ២១ឆ្នាំ មុខរបកម្មករបោចមាន់ មានទីលំនៅភូមិត្រពាំងរំដេង ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ បច្ចុប្បន្នស្នាក់នៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ច បន្តទៀតថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើចូលទៅចាប់មាន់ដូចសព្វដង ដើម្បីយកមកធ្វើ និងបោចលក់ឲ្យម៉ូយសម្រាប់លក់នៅព្រឹកស្អែក តែចៃដន្យ បានជួបហេតុការណ៍បែបនេះតែម្ដង។
សមត្ថកិច្ច បញ្ជាក់ថា ទ្រុងមាន់ដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើងនេះ គឺគេធ្វើអំពីដែកហើយអាចនឹងដាច់ខ្សែភ្លើង ទើបបង្កឲ្យមានឆ្លងចរន្តកើតឡើង បណ្តាលឲ្យឆក់យ៉ាងដូច្នេះ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសលវិច័យទៅលើសាកសព បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លើពិតប្រាកដមែន។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកធ្វើបុណ្យទៅតាមប្រពៃណី៕
