
បាត់ដំបងៈ លោកតាវ័យ៧០ឆ្នាំម្នាក់ បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូត្រូវរថយន្តបុកពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកឡិចស៊ីស (Lexus RX 300) ពណ៌ទឹកមាស សេរីឆ្នាំ2000 ពាក់ស្លាកលេខ ភ្នំពេញ 2N-8937 បើកបរដោយ ឈ្មោះ ថន សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅខេត្តប៉ៃលិន ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដា វេវ (Honda wave) ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1A 5421 បើកបរដោយ ឈ្មោះចាន់ ឈូក ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅធ្វើការវាស់វែងរួច ក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕


