
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និង ស្នងការរងនគរបាលខេត្តតាកែវ លោក ឡាយ ណារិទ្ធ ដែលត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ និងមនុស្សពីរនាក់ផ្សេងទៀត កំពុងតែត្រូវជាប់ឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ក្រោយរងការចោទប្រកាន់ក្នុងបទល្មើល ឃាតកម្ម និងលាក់បាំងតម្រុយ នៃការស្លាប់របស់អ្នកនាង ចេវ សុវឌ្ឍនា កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅថ្មីនេះ នៅក្រុងដូនកែវ ខេត្តតាកែវ។

សំណុំរឿងក្នុងវាំងននខ្មៅដ៏ក្តៅគគុក កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ហើយក៏មានការបញ្ចេញមតិខុសៗគ្នាផងដែរ ព្រមទាំងរងចាំតាមដានថាតើសំណុំរឿងមួយនេះនិងចេញជាលទ្ធផលបែបណានៅថ្ងៃអនាគត។

ក្នុងនោះ គេក៏ឃើញមាន តារាចម្រៀងជើងចាស់ គឺលោក សាន ផានិត បានបង្ហោះសាររៀបរាប់ដាក់ចំៗ ពីភាពស្តាយក្រោយនៃទង្វើរបស់ជនសង្ស័យដែលធ្លាប់តែមានមុខមានមាត់ក្នុងសង្គម ដូចជា លោក ឡាយ វណ្ណៈ និង បងប្រុសរបស់លោកជាដើម ដោយក្នុងសារទាំងស្រុងនោះបានរៀបរាប់ថា:

ពេលដែលអ្នកនៅមានជីវិតល្អជាបុគ្គលសាធារណះនៅមានពេលវេលាច្រើនធ្វើរឿងដែលត្រឹមត្រូវ កុំពុលនិងលុយអំណាចចំណាយសប្បាយតែលើស្រីស្អាតនិងនៅឆ្ងាយពីអ្នកក្រនិងគ្រួសារពេក ឃើងមិនដឹងថានិងមានអ្វីកើតឡើងថ្ងៃស្អែកសរាប់យើងឡើយ យ៉ាងហោចណាស់ក៍អ្នកនៅសល់រូបថតល្អៗបានផុសខ្លះក្នុងហ្វេសប៊ុកជាទ្រព្យដល់កូនៗនិងសង្គមជាតិ ឃើញទេថ្ងៃនេះអ្នកមានបញ្ហាស្រីៗផ្សេងទៀតអ្នកធ្លាប់អោយលុយនិងបក្សពួកបូសក្លៀកគេនៅណា? ទីបំផុតមានតែប្រពន្ធកូននិងម្តាយឨពុកដែលអ្នកតែងតែកុហក់រហូតមកប៉ុណ្នេះដែលកំពុងគិតដល់អ្នកហើយមិនបោះបង់ អូ!មានទៀតគីពលរដ្ផរបស់អ្នកបើអ្នកជាមេខេត្តដ៍ល្អកន្លងមក៕





