
ភ្នំពេញៈ លោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាអ្នកល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលមាននិន្នាការខាងបក្សកាន់អំណាច ពេលនេះបានបង្ហោះសារមួយធ្វើឱ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងសារនោះ លោកបង្ហាញពីការព្រួយបារម្ភ ខ្លាចគេបាញ់សម្លាប់ មុនពេលបោះឆ្នោតថ្នាក់ជាតិចូលមកដល់។
លោក ផែង វណ្ណៈ ពីមុនជាមន្រ្តីប៉ូលិសរបស់ក្រសួងមហាផ្ទៃ ក្រោយមកលោកក៏ត្រូវបានថ្នាក់លើបញ្ចប់មុខតំណែងពីក្របខ័ណ្ឌរដ្ឋក្លាយទៅជាជាពលរដ្ឋសាមញ្ញវិញម្តង។ អំឡុងពេលនោះហើយ លោក ផែង វណ្ណៈ ក៏ត្រូវបានមហាជនទទួលស្គាល់ថា ជាអ្នកសកម្មនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានរិះគន់មន្រ្តីបក្សប្រឆាំង ក្រោយមកលោកក៏ប្តូរយុទ្ធសាស្រ្តរិះគន់មន្រ្តីបក្សកាន់អំណាចខូចៗមួយចំនួនវិញម្តង។ ក្រោយពីមានការរិះគន់ជាបន្តបន្ទាប់ ពេលនេះ លោក ផែង វណ្ណៈ បែរជាបង្ហោះសារថ្មីមួយទៀត គឺបង្ហាញការព្រួយបារម្ភអាយុជីវិត ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោក ផែង វណ្ណៈ បានចេញផ្សាយនៅព្រឹកថ្ងៃ២៥ មេសា ២០១៨ បានឱ្យដឹងថា ខណៈពេលដែលការបោះឆ្នោតជាតិនៅសល់តែ ៣ ខែ ៤ ថ្ងៃទៀតប៉ុណ្ណោះ បានមកដល់ មានករណី អ្នកមានអំណាច មានលុយ វាយតប់ទាត់ធាក់ បាញ់បោះគំរាមកំហែង ទៅលើអ្នកក្រីក្រ ទន់ខ្សោយ តូចទាប កាន់តែច្រើន។
ក្នុងសំណេរជាច្រើនបន្ទាត់របស់លោក ផែង វណ្ណៈ បានសរសេរទៀតថា ទើបតែ៨ថ្ងៃប៉ុណ្ណោះគិតពីថ្ងៃទី១៦ មេសា មក មាន៣ករណីទៅហើយ ហើយជនរងគ្រោះមិនដែលទទួលបានយុត្តិធម៌បន្តិចឡើយ។
ករណីទី១ ថ្ងៃទី ១៦ មេសា ថៅកែផ្សារនៅខេត្តសៀមរាប វាយតប់ទាត់ធាក់លើអ្នករើសអេដចាយឡើងទក់សាច់ បញ្ចប់ត្រឹមថតរូបឲ្យគ្នាបង្ហោះតាម Facebook ដោយមិនអនុវត្តច្បាប់ សូម្បីតែបន្តិច។
ករណីទី២ ថ្ងៃទី២១ មេសា ឯកឧត្តមឧត្ដមសេនីយ៍ឯកឧកញ៉ា បាញ់បោះសេរី រំសាយកំហឹងក្នុងជម្លោះគ្រួសារ នៅសង្កាត់ព្រៃស គ្មានសមត្ថកិច្ចណាហ៊ានប៉ះ។
ករណីទី៣ នៅថ្ងៃទី២៤ មេសា ម្ចាស់ខុនដូ នៅបឹងកេងកង៣ ខណ្ឌចំការមន ដកកាំភ្លើងវាយកម្មកររើសអេដចាយ បែកក្បាល ជនរងគ្រោះកំពុងរង់ចាំយុត្តិធម៌។
ពេលទិតៀនរឿងអាក្រក់របស់អ្នកមានអំណាច អ្នកមានលុយ ធ្វើបាបអ្នកទន់ខ្សោយ ខ្ញុំមិនដែលទទួលបានសេចក្ដីសុខម្ដងទេ មានតែការអន្តរាគមន៍ពីលោកធំនេះ លោកធំនោះ របៀបអង្វរផង គំរាមផង បំភិតបំភ័យផង ។ ហ៊ឺម ពិបាកបរិយាយណាស់ រឿងកើតឡើងដដែលៗច្រើនពេក ចំណែកដំណោះស្រាយសម្រាប់ជនរងគ្រោះនៅឆ្ងាយដូចជើងមេឃ ។
ពេលយើងរឹះគន់ គេចោទថា យើងហែកទ្រូងឲ្យក្អែកចឹក គេចោទថា យើងជាជនបង្កប់របស់បក្សប្រឆាំង គេថាយើងជាបក្ខពួកលោក កែម ឡី គេថាយើងចង់ល្បី គេថាយើងចង់បានមុខមាត់។ល។ល។
បើយើងមិនហ៊ានរឹះគន់ តើអ្នករងគ្រោះប៉ុន្មាននាក់ដែលដេកសម្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់រង់ចាំទទួលតែរឿងអយុត្តិធម៌ ?
មានបងប្អូនច្រើនណាស់ដែលបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ មានអ្នកខ្លះចូលមក comment អ្នកខ្លះឆាតតាម Messenger អ្នកខ្លះទូរស័ព្ទមកតែម្ដង ដោយប្រាប់ឲ្យខ្ញុំឈប់ កុំបន្តរឹះគន់គេទៀត ព្រោះសង្គមឥឡូវមិនងាយកែទេ ហើយមនុស្សខូចច្រើនណាស់ ហើយពួកខូចមិនខ្លាចនឹងធ្វើរឿងអាក្រក់ចំពោះខ្ញុំទេ។ ខ្ញុំបានឆ្លើយប្រាប់បងប្អូនថា កុំបារម្ភខ្ញុំនិយាយតែការពិតការពារជនរងគ្រោះស្លូតត្រង់ប៉ុណ្ណោះ ។
បើគេចង់សម្លាប់ខ្ញុំ ទោះបីខ្ញុំស្លាប់ទៅក៏ដោយ ក៏យ៉ាងហោចណាស់នៅបន្សល់កេរ្តិ៍ឈ្មោះទុកឲ្យកូនខ្មែរជំនាន់ក្រោយចងចាំបានថា កូនខ្មែរមិនចោរម្សៀតទេ ស៊ូស្លាប់ខ្លួន ដើម្បីការពារជនស្លូតត្រង់ ប្រសើរជាងអោនក្បាលរស់ព្រោះការពារជនខិលខូចដេរ៕

