
ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលប្រមាថមាក់ងាយដល់ជនពិការមិនត្រូវបានអត់ឱន និងរាប់រកជាគ្នាបានទេ ខណៈសម្តេចក៏ជាជនពិការម្នាក់ ដែលបានលះបង់ជីវិតមិនខ្លាចអ្វី ដើម្បីការពារប្រទេស។
សម្តេចតេជោ បានមានប្រសាសន៍ ក្នុងបិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “សកលវិទ្យាល័យក្រចេះ” នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ថា ពលរដ្ឋត្រូវគោរពផ្នែកសីលធម៌ ព្រោះអ្នកខ្លះហៅជនពិការ អាកំបាក់ អាកំបុត អាខ្វាក់ នេះជាអំពើអសីលធម៌ ដែលមិនគួរអត់ឱនឲ្យទេ ហើយមនុស្សធននេះ ជាមនុស្សដែលមិនត្រូវរាប់ និងមិនអាចរាប់ជាគ្នាបានទេ។
សម្តេចបន្តថា បច្ចុប្បន្នភ្នែករបស់សម្ដេចពិការម្ខាង ហើយម្ខាងទៀតមើលបានប្រហែលចម្ងាយ១០០ម៉ែត្រប៉ុណ្ណោះ ។
សម្ដេចបន្តថា កាលពី៤៣ឆ្នាំមុន ពលរដ្ឋធ្វើដំណើរយ៉ាងលំបាកចេញពីទីក្រុង ទីប្រជុំជន មកកាន់តំបន់ជនបទ ដោយសារការជម្លៀសរបស់ ប៉ុល ពត ។ សម្ដេចថា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ១៩៧៥ គឺថ្ងៃដែលភ្នំពេញ ត្រូវបានជម្លៀសពលរដ្ឋចេញ ប៉ុន្តែ៤៣ឆ្នាំក្រោយពលរដ្ឋ សម្រុកចូលទីក្រុងភ្នំពេញវិញ បន្ទាប់ពីចូលឆ្នាំហើយ ស្ថានភាពមិនដូចគ្នាទេ បើគិតមកបច្ចុប្បន្ន។
សម្ដេចបន្ថែមថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្ដេចត្រូវរបួស ឥឡូវភ្នែកម្ខាងពិការហើយ តែម្ខាងទៀតឲ្យតែញើសហូរចូលមក ធ្វើភ្នែករកាំស្រវាងរហូត ។
សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា សម្ដេចគោរពស្រឡាញ់ជនពិការ តែបែរជាមានអ្នកខ្លះជេរប្រមាថមាក់ងាយសម្ដេចថា អាខ្វាក់ទៅវិញ ដែលនេះ ជាទង្វើអសីលធម៌ក្នុងសង្គម ដូច្នេះពលរដ្ឋគួរតែផ្ចាញ់ផ្ចាលជាមួយក្រុមអ្នករើសអើងលើជនពិការ ៕
