
ភ្នំពេញៈ សេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ CAM POST ពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨នេះ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ជាប់ៗគ្នា នៅក្នុងផ្ទះរបស់លោកឧកញ៉ា ហូ ចំរើន ស្ថិតនៅក្នុងភូមិរកា សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កការភ្ញាក់ដ៏កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយពីមានហេតុការណ៍ខាងលើបានកើតឡើង គេឃើញមានសមត្ថកិច្ចមូលដ្ឋានទាំងពីរអង្គភាព មានទាំងកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកអធិការនគរបាលខណ្ឌដង្កោ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុតែប៉ុណ្ណោះ។

ប្រភពព័ត៌មានបានបង្ហើបឲ្យភ្នាក់ងារ CAM POST ដឹងថា ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ បានបង្កឡើងដោយឧកញ៉ាវ័យក្មេង ឈ្មោះ ហូ ចំរើន គឺបានបាញ់គំរាមប្រពន្ធ និងម្តាយក្មេក។ ទោះបីជាយ៉ាងណា យើងនៅមិនទាន់មានប្រភពបញ្ជាក់ពីដើមចម រហូតឈានទៅដល់ការផ្ទុះអាវុធនេះនៅឡើយទេ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកឧកញ៉ាវ័យក្មេង ហូ ចំរើន និងលោកស្រី គា សុខគាង ទើបតែត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង មានងារជាឧកញ៉ាទាំងរូបលោក និងភរិយាតែម្ដង។
មកទល់នឹងម៉ោង៧យប់ ថ្ងៃដដែលនេះ កម្លាំងកងរាជអាវុធហត្ថកំពុងដាក់ប្រចាំការ រង់ចាំបញ្ជាពីថ្នាក់លើនៅជុំវិញភូមិគ្រឹះរបស់លោកឧកញ៉ាវ័យក្មេងរូបនេះ ដែលស្ថិតនៅក្នុងភូមិកើតហេតុ៕




