header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អង្គរក្ស ឋានៈផ្កាយ៣ម្នាក់ ដែលទើបទទួលការតែងតាំងងារជា “ឧកញ៉ា” មិនបានប៉ុន្មានថ្ងៃផងនោះ បានបើកការបាញ់ប្រហារគំរាមគេឯងផ្អើលមេឃផ្អើលដី ផ្អើលអស់ក្រុងភ្នំពេញ។ មន្ត្រីអង្គរក្ស ឡើងងារឧកញ៉ារូបនេះ ឈ្មោះ ហូ ចំរើន បានបើកការបាញ់ប្រហារគំរាមក្រុមគ្រួសារ បណ្ដាលឲ្យផ្អើលអស់ទាំងកម្លាំងសមត្ថកិច្ចនគរបាល និងប៉េអឹមខណ្ឌដង្កោ ចុះទៅឡោមព័ទ្ធទីតាំងកើតហេតុរាប់ម៉ោង។

ប្រភពច្បាស់ការពីសមត្ថកិច្ច ប្រាប់អង្គភាពសារព័ត៌មាន Cam Post ឲ្យដឹងថា ករណីបាញ់បោះសេរីរបស់ឧកញ៉ាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣៥នាទីរសៀល ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបើកការបាញ់បោះសេរីចំនួនប្រហែល៦-៧គ្រាប់ នៅក្នុងផ្ទះចំណុចកើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ បង្កការបាញ់បោះខាងលើ មានឈ្មោះ ហូ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរជាមន្ត្រីយោធា ឋានៈឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៅកងឯកភាពបញ្ជាការដ្ឋានអង្គរក្ស។ ចំណែក ជនរងគ្រោះមានគ្នា៣នាក់ រួមមាន ១-ឈ្មោះ យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ, ទី២-ឈ្មោះ ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ និងទី៣-ឈ្មោះ គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ។ ជនរងគ្រោះទាំង៣ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនអាចបញ្ជាក់លម្អិតពីរឿងរ៉ាវខាងលើបានទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ករណីបាញ់បោះសេរីនេះ បណ្ដាលមកពីទំនាស់ក្នុងគ្រួសារ ប៉ុន្តែមិនបណ្ដាលឲ្យជនរងគ្រោះទាំង៣ រងរបួស ឬបាត់បង់ជីវិតឡើយ។ ក្រោយមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ប្រភពក្រៅផ្លូវការបង្ហើបប្រាប់ភ្នាក់ងារ Cam Post ឲ្យដឹងថា ករណីផ្ទុះអាវុធជាច្រើនគ្រាប់នេះ បានបង្កឡើងដោយឧកញ៉ា ហូ ​ចំរើន ដែលបានបាញ់គំរាមប្រពន្ធ និងម្តាយក្មេក។ ក្រោយមក គេឃើញមានសមត្ថកិច្ចមូលដ្ឋានទាំងពីរអង្គភាព មានទាំងកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក​អធិការនគរបាលខណ្ឌដង្កោ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងាររបស់យើង រហូតមកទល់ម៉ោង១០យប់ថ្ងៃដដែលនេះ សមត្ថកិច្ចនៅបន្តឡោមព័ទ្ធទីតាំងកើតហេតុនៅឡើយ ដោយមិនទាន់ដកកម្លាំងនោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកឧកញ៉ា ហូ ចំរើន និងលោកស្រី គា សុខគាង ទើបតែត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាឧកញ៉ាទាំងរូបលោក និងភរិយាតែម្ដង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post