header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណះបើកម៉ូតូលឿនពេកទៅបុកនឹងរថយន្ត ដែលធ្វើដំណើរមកពីមុខ បណ្ដាលឲ្យខ្ទេចទាំងរថយន្ត និងម៉ូតូស្លាប់់ទាំងខ្លួនទៀត។ ករណីនេះកើតឡើងនាវេលាម៉ោង៥៖៣០នាទីយប់ ថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២Y-០៧២៧ ធ្វើដំណើរពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១A-៨០៦៤ គ្មានកញ្ចក់មើលក្រោយ បើកបរពីលិចទៅកើតរេចង្កូតយកមកបុកចំពីមុខរថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ថោង ភិនណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលលំនៅភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង។ ចំណែកអ្នកបើកបរម៉ូតូមានឈ្មោះ តួ បុរស ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិត្រពាំងក្រពឹស ឃុំខ្សែទ្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារអ្នកបើកបរម៉ូតូមិនប្រកាន់ស្តាំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងសម្រួលចរាចរណ៍ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post