
ភ្នំពេញៈ រ៉ឺម៉កម៉ូតូកង់បីដឹកមាន់មួយគ្រឿងជិះគ្នា៣នាក់ ត្រូវបានរថយន្តកូរ៉េមួយគ្រឿង បើកកៀរធ្លាក់យុវជនម្នាក់ ចូលកង់ក្រោយរបស់រថយន្តកិនស្លាប់ភ្លាមៗ ហើយរថយន្តបើករត់គេចបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩៖១៥នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ហេង ង៉ីម ហៅ តឿ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្បាលត្រាច ឃុំស្រែចាក ស្រុកស្នួល ខេត្តក្រចេះ មានប្រពន្ធ និងកូនស្រីតូចស្រី២នាក់ រស់នៅឯស្រុកកំណើត។

តាមសម្ដីអ្នកបើករ៉ឺម៉កកង់បី បានឲ្យដឹថា ពួកគេមានគ្នា៣នាក់ ក្រោយពីដឹកមាន់ដាក់ឲ្យម៉ូយអស់ហើយ បានធ្វើដំណើរតាមផ្លូវវេងស្រេង ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿង មិនចាំស្លាកលេខ បើកបរពីលិចទៅកើតស្របទិសគ្នា ដោយបើកវ៉ារថយន្តកុងតឺន័រមួយគ្រឿង ក៏ជ្រុលកៀររ៉ឺម៉កម៉ូតូ បណ្ដាលឲ្យធ្លាក់យុវជនរងគ្រោះចូលកង់ក្រោយរថយន្ត កិនស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មចោលប្រពន្ធ និងកូនស្រីតូច២នាក់ ដែលរស់នៅឯស្រុកកំណើត។ ចំណែករថយន្តបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើការវាស់វែងយករ៉ឺម៉កម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវរករថយន្តបង្ក។ ចំណែកសពយុវជនរងគ្រោះ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕





វិដេអូ៖