
ភ្នំពេញៈ បុរសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវម្ចាស់រថយន្ដចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈម្នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូដេញគប់កញ្ចក់រថយន្ដស៊េរីទំនើប ព្រោះតែខឹងម្ចាស់រថយន្ដ បើកជាន់ហ្គែររោទ៍ខ្លាំងៗ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសា ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្ដុំរង្វង់មូលទួលគោកចាស់។

បើតាមការរៀបរាប់ពីម្ចាស់រថយន្ដ ឲ្យដឹងថា មុនពេលកើតហេតុ គឺរូបគាត់បើករថយន្ដម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០១២ ពណ៌កាំមៃ ដែលទើបតែទិញមកពីស្រុកក្រៅ បំណងយកទៅឃ្លាំងរថយន្ដ ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។ តែពេលមកដល់ចំណុចកើតហេតុ ក៏មានក្រុមជនបង្កឈរនៅលើដងផ្លូវ ទើបគាត់ជាន់រោទ៍បន្តិច រួចក៏បើកផុតទៅ។
ប្រភពដដែលបន្តថា ពេលបើកមកដល់ជិតសាលាបឋមសិក្សាទឹកល្អក៣ ស្រាប់តែជនបង្កជិះឌុបគ្នា ដេញតាមគប់រថយន្ដគាត់ តែមិនបែកកញ្ចក់ ហើយគាត់បើករថយន្ដបន្តរហូតដល់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។ ដោយមានការសង្ស័យ ក៏ឈប់រថយន្ដ រួចចុះចាំលួចមើល ស្រាប់ឃើញជនបង្កជិះម៉ូតូមកឈប់ និងចុះពីម៉ូតូគប់រថយន្ដគាត់ថែមទៀត ទើបគាត់ស្រែកឲ្យគេជួយចាប់បានតែម្ដង។

ចំណែកជនសង្ស័យវិញ ប្រាប់ឲ្យដឹងថា ដោយសារតែឃើញរថយន្ដបើកជាន់ហ្គែររោទ៍ខ្លាំង ទើបមានចិត្តក្ដៅ ហើយក៏ជិះម៉ូតូដេញគប់តែម្ដង។
ក្រោយពីសួរនាំ និងសម្របសម្រួលគ្នានៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អទី៣ ភាគីខាងម្ចាស់រថយន្ដព្រមយកសំណងចំនួន១៨០ដុល្លារ ពីជនបង្កដើម្បីបញ្ចប់រឿង រួចក៏ចែកផ្លូវគ្នារៀងៗខ្លួន៕





