
ភ្នំពេញៈ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានផ្ញើសារចេញពីពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំមក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ថា កម្ពុជាមិនមែនរបស់ក្រុមណាមួយនោះទេ គឺជារបស់ទាំងអស់គ្នានៅទូទាំងប្រទេស។
សារលិខិតរបស់ លោក កឹម សុខា បានឲ្យដឹងថា “ខ្ញុំសូមអំពាវនាវដល់អ្នកនយោបាយខ្មែរ ជាពិសេសអ្នកដឹកនាំប្រទេស សូមដោះស្រាយបញ្ហាដោយអហិង្សា និងកុំយកខ្មែរគ្នាជាសត្រូវ។ កម្ពុជា គឺជារបស់យើងទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមណាឡើយ”។
លោកបានស្នើឲ្យអ្នកនយោបាយខ្មែរគ្រប់រូប បោះបង់ចោលនូវការចងអាឃាត និងឈប់យកប្រជាពលរដ្ឋខ្លួនធ្វើជាសត្រូវ។ វាគ្មានឡើយនូវពាក្យថា ហួសពេលនោះទេ សម្រាប់ខ្មែរក្នុងការវិលត្រឡប់មកផ្សាជាតិឡើងវិញ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេសជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ ដល់ ៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕

