
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់វៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជាទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និងវិស័យការពារជាតិ ព្រមទាំងមានការរីកចម្រើនគ្រប់វិស័យ។
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសមនារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ហ្វាម វ៉ាន់យី ប្រធាននយោបាយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
នៅក្នុងឱកាសនោះ លោកសេនីយ៍ទោ ហ្វាម វ៉ាន់យី បានជម្រាបជូនសម្តេច ព្រឹទ្ធសភាអំពីគោលបំណងនៃដំណើរបេសកកម្មនាពេលនេះ គឺដើម្បីមកសួរសុខទុក្ខអង្គភាពដែលជា សម្ព័ន្ធមិត្ត ស្របពេលពេលដែលប្រទេសទាំងពីរ កម្ពុជា-វៀតណាម កំពុងប្រារព្ធខួបអនុស្សាវរីយលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ ក្នុងរយះពេល៥០ឆ្នាំកន្លងទៅនេះ ប្រជាជន និងប្រទេសទាំងពីរ បានរួមគ្នាក្នុងដំណាក់កាលតស៊ូតាំងពីសម័យអាណានិគមបារាំង រហូតមកដល់ ការប្រឆំាងអំពើឈ្លានពានរបស់សហរដ្ឋអាមេរិក និងការប្រឆាំងរបបប្រល័យពូជសាសន៍។
លោកឧត្តមសេនីយ៍ទោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននាពេលបច្ចុប្បន្នរបស់ ប្រទេសកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និងវិស័យការពារជាតិ ព្រមទាំងមានការរីក ចម្រើនគ្រប់វិស័យ និងសកម្មភាពដ៏មានប្រសិទ្ធភាពរបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការបម្រើផល ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ប្រការទាំងអស់នេះ បានធ្វើឱ្យប្រជាជនកម្ពុជាមានទំនុកចិត្តយ៉ាង មុតមាំលើថ្នាក់ដឹកនាំប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ទោ បានកោតសរសើរចំពោះការរីកចម្រើនរបស់កងយោធពលខេមរ ភូមិន្ទ ដែលមានស្នារដៃជាច្រើន ក្នុងវិស័យការពារជាតិ ការពារសន្តិសុខ និងស្ថិរភាពសង្គម ហើយ ឯកឧត្តមសូមគោរពវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងរបស់ប្រជាជនកម្ពុជា សម្រេចបានក្នុងបុព្វ ហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។
មានប្រសាសន៍ក្នុងជំនួបនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ទោ ហ្វាម វ៉ាន់យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី និងស្របពេលដែលព្រះរាជាណាចក្រម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើងដោយអតីតព្រះមហាវីរៈក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតថ្នាក់ដឹកនាំវៀតណាមជំនាន់មុន។
សម្តេចប្រធានព្រឹទ្ធសភា បានសង្ឃឹមថា តាមរយៈបេសកកម្មរបស់គណៈប្រតិភូបញ្ជាការដ្ឋាន យោធភូមិភាគទី៧ នឹងរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងទៅអនាគត។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជនប្រទេសទាំងពីរ ដែលកំពុងខិតខំអនុវត្តដោយជោគជ័យក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង»។
ក្នុងនាមព្រឹទ្ធសភា សម្តេចបានបញ្ជាក់ថា សភាកម្ពុជាគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អរវាង ក្រសួងការពារជាតិ និងកងទ័ព នៃប្រទេសទាំងពីរ។ នេះក៏ជាការរួមវិភាគទានក្នុងការពង្រឹងដល់ សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកផងដែរ៕
