
ស្វាយវៀងៈ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍អំពាវនាវដល់ពលរដ្ឋមិនត្រូវជឿតាមការញុះញង់របស់ជនអគិតមួយចំនួន ដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសឡើយ។
ថ្លែងនៅព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងសម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង ពិធីបញ្ជុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តច្រករំដួល ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកស្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនាទើបមានលេចចេញជា ព្រះវិហារដ៏ស្រស់ស្អាតនៅក្នុងវត្តច្រករំដួល ក្រោមគំនិតផ្តួចផ្តើមរបស់ ព្រះតេជគុណជាច្រើនអង្គ រួមជាមួយ ព្រះតេជគុណ កី ឆុន ចៅអធិការវត្តច្រករំដួល ឯកឧត្តម និងលោកជំទាវ គឺជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយ ថវិកាផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនារបស់ ឯកឧត្តម លោកជំទាវ ឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តច្រករំដួលនាពេលនេះ ។
លោកស្រីក៏បានអំពាវនាវថា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
ជាចុងក្រោយលោកស្រីក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តី ប្រកាសរបស់គណៈកម្មការជាតិរៀបចំ ការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ៕






