
ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿង រេចង្កូតទៅបុកដើមឆ័ត្រមួយដើម នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យឆាបឆេះចេញពីខាងក្រោមរថយន្តយ៉ាងសន្ធោសន្ធៅ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចយករថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ជួយបាញ់ពន្លត់ កាលពីវេលាម៉ោង២៖៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ ចំណុចមុខយានដ្ឋានយីហោ ហ្គាលធិច ហ្គារាស តាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារ Cam Post ថា នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2223 បើកបរដោយបុរសម្នាក់ ឈ្មោះ សុខ ខា អាយុប្រមាណ៣០ឆ្នាំ បច្ចុប្បន្នស្នាក់ក្នុងបុរីពិភពថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយធ្វើដំណើរទិសដៅពីកើតទៅលិច។ លុះរថយន្តនេះ ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុកដើមឆ័ត្រមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទាតថយក្រោយប្រមាណជាង២ម៉ែត្រ បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះពីក្រោមរថយន្តមកតែម្តង។ ចំណែកម្ចាស់រថយន្ត បានបើកទ្វារចេញគេចខ្លួនចេញពីកន្លែងកើតហេតុ ស្រែកឲ្យគេជួយ និងមិនបង្កឲ្យមានរបួសនោះទេ។

ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាយកទុយោបាញ់ទឹក និងបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ និងយកទឹកសាប៊ូទៅជះពន្លត់ដែរ តែនៅតែឆេះរហូតផ្ទុះកង់ក្រោយម្ដងមួយៗ ទើបនាំគ្នាវាយបំបែកកញ្ចក់រថយន្តខាងក្រោយ ដើម្បីជះទឹកសាប៊ូពន្លត់។ ប៉ុន្តែភ្លើងកាន់តែឆេះខ្លាំងឡើងៗមិនរលត់ឡើយ ហើយក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់អស់ចំនួន៤គ្រឿង ប្រើពេលអស់ជាងកន្លះម៉ោង ទើបបានរលត់ទាំងស្រុង។
ក្រោយកើតហេតុ រថយន្តបង្ក បានរងការខូចខាតស្ទើរទាំងស្រុងអស់ហើយ ហើយត្រូវសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង រួចម្ចាស់រថយន្តព្រមឲ្យសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅពេលក្រោយ៕





