
រតនគិរីៈ សាកសពបុរសម្នាក់ ក្នុងសភាពសល់តែគ្រោងឆ្អឹង រួមនឹងម៉ូតូចាស់មួយគ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងអណ្ដូងជម្រៅប្រហែល២០ម៉ែត្រ បង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ តាកាប់ ឃុំ តាអង ស្រុក កូនមុំ ខេត្តរតនគិរី។
ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញព្រហ្មទណ្ឌ និងបច្ចេកទេសខេត្ត សហការជាមួយ កម្លាំងអធិការនគរបាលស្រុកកូនមុំ ដឹកនាំដោយលោក ផែន ឌីណា ស្នងការរង និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញម៉ូតូកែច្នៃ១គ្រឿងទម្លាក់ចូលក្នុងអណ្តូង ដោយមានការសង្ស័យយើង បានចុះរាវក្នុងអណ្តូងក៏ប្រទះឃើញសាកសព ច្រកក្នុងការ៉ុង។

ក្រោយពីស្រង់សាកសព សមត្ថកិច្ចបានពិនិត្យលើសំលៀកបំពាក់ និងម៉ូតូ សពត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានទីលំនៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២រសៀល។
ចំពោះករណីខាងលើនេះ ឆ្លងតាមការពិនិត្យសាកសព និងសាកសួរបំភ្លឺជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជាករណីឃាតកម្ម។

បច្ចុប្បន្ន កម្លាំងជំនាញ សហការជាមួយអធិការនគរបាលស្រុកកូនមុំ កំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ៕





