header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ព្រាប កុល នាយកប្រត្តិបត្តិ នៃអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ថា ជប៉ុនកំពុងដើរតួជាសុភាពបុរស មិនចង់លូកដៃជ្រៀតជ្រែកចូល បញ្ហាផ្ទៃក្នុងកម្ពុជា ដោយសារតែជប៉ុនស្គាល់ពី ឥរិយាបថអ្នកដឹកនាំកម្ពុជា។

ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹង លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសជប៉ុន នាវិមានសន្តិភាព កាលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ មិនបានលើកឡើង អំពីនយោបាយនៅកម្ពុជា និងសុំលើកលែងទោស លោក កឹម សុខា អតីតមេបក្សសង្គ្រោះជាតិឡើយ ខណៈក្រុមមជ្ឈដ្ឋានប្រឆាំង ទាំងក្នុងប្រទេស និងក្រៅប្រទេសបានព្យាករណ៍ថា នៅពេលបំពេញទស្សនកិច្ច នៅកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងធ្វើជាមេអណ្តើក ឲ្យមានការចរចារវាង គណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំង ដើម្បីឲ្យមានដំណោះស្រាយ នយោបាយនៅកម្ពុជា ក្នុងចេតនាឲ្យអតីតបក្សប្រឆាំងនេះ បានចូលរួមបោះឆ្នោត នាពេលខាងមុខ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក ព្រាប កុល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ បានឲ្យដឹងថា ឥរិយាបថទន់ភ្លន់ របស់ជប៉ុន បាននិយាយពីបំណងរបស់ខ្លួន ដែលចង់ឃើញការបោះឆ្នោតនៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ប្រព្រឹត្តិទៅដោយសេរី និងយុត្តធម៌ ដែលអាចឆ្លុះបញ្ចាំង ឆន្ទៈរបស់ប្រជាពលរដ្ឋ។

លោកបន្ដថា ជារឿងធម្មតាទេ ដែលប្រទេសសហគ្រាស និងជឿនលឿនគោរព និងអនុវត្តគោលការណ៍ ប្រជាធិបតេយ្យ ដែលមានសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយ សហគមន៍អឺរ៉ុប ដែលបានសម្តែងឲ្យឃើញការប្រាថ្នាចង់បានរបស់ខ្លួន ជាពិសេសនៅពេលដែលខ្លួន បានចូលរួមជ្រោមជ្រែង និងគាំទ្រដល់ដំណើរការ បោះឆ្នោតនៅកម្ពុជា ។

លោក ព្រាប កុល បានសង្កត់ធ្ងន់ថា “ពិតហើយថា ជប៉ុនកំពុងដើរតួជាសុភាពបុរស ហើយមិនចង់លូកដៃជ្រៀតជ្រែក បញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះទេ ព្រោះជប៉ុនស្គាល់ពីឥរិយាបថនយោបាយ និងអ្នកដឹកនាំកម្ពុជាច្បាស់ណាស់ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចហាមឃាត់ជប៉ុនមិនឲ្យបង្ហាញពីសេចក្តីប្រាថ្នារបស់ខ្លួនបានឡើយ ដូចដែលយើងបានឃើញស្រាប់”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន បានលើកឡើងថា ដោយសារតែជប៉ុន មានគោលជំហរផ្ទុយ ពីគំនិតអគតិរបស់ខ្លួន ផ្ទុយពីសភាពការណ៍ពិតនៅកម្ពុជា បែរជាអ្នកវិភាគមិនឯករាជ្យងាក មកនិយាយរិះគន់ជប៉ុនថា ជប៉ុនគិតគូរផលប្រយោជន៍ ខ្លួនលើសលទ្ធិប្រជាធិបតេយ្យ។ ម្យ៉ាងទៀត អ្នកវិភាគលម្អៀងថា មកពីជប៉ុនចង់រក្សាឥទ្ធិពលខ្លួននៅកម្ពុជា ជាជាងគាបសង្កត់កម្ពុជា។

លោកអះអាងថា ការវិភាគបែបនេះ ឲ្យឃើញកាន់តែច្បាស់ថា មជ្ឈដ្ឋានប្រឆាំង រួមទាំងអ្នកវិភាគលម្អៀង មកជានិយាយបែបរិះគន់ជប៉ុនទៅវិញ។ អ្នកណាក៏ដឹងដែរថា ជប៉ុនជាប្រទេសបែបណា មានជំហរឯករាជ្យយ៉ាងណា? ដល់ពេលមករិះគន់ជប៉ុននោះ តើអាចឲ្យសាធារណមតិ យល់ស្របតាមឬទេ ? ប្រាកដជាមិនយល់ស្របតាម ជាដាច់ខាត ដែលនិយាយគ្រាន់តែ ជាការយកត្រូវតែខ្លួនឯង ដែលបាត់បង់សិទ្ធិនយោបាយ ទាំងស្រុង ដោយសារតែអំពើទុច្ចរិតក្បត់ជាតិ របស់បក្ខពួកខ្លួននោះ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post