Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ ADF អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅលើខ្នងភ្នំគូលែន​ បានធ្វើកំណាយ​ស្រាវជ្រាវ​លើទីតាំងឈ្មោះ បន្ទាយ បច្ចុប្បន្នហៅថា ផ្ទះគូចារ្យ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ បេសកកម្មនៃការធ្វើកំណាយ​នេះ បានចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។

បើយោងតាមសៀវភៅបោះពុម្ភលើកទី២​របស់លោក E Aymonier បាននិយាយរៀបរាប់ពីជួរភ្នំគូលែន ដោយមានការបញ្ជាក់ពីទីតាំងភូមិសាស្ត្រ ភូគព្ភសាស្ត្រ​ នរវិទ្យា និងធារាសាស្ត្រ ដោយបានហៅទីតាំងនេះថា មហេន្ទ្របព៌ត មានន័យថា ជាភ្នំនៃព្រះឥន្ទ្រ។ យោងតាមសៀវភៅ Le Cambodge ភាគទី៣ ​សរសេរដោយ លោក E.Aymonier បានបង្ហាញតិចតួចពីអត្តសញ្ញាណថា មហេន្ទ្របព៌ត គឺជាភ្នំគូលែន។ បើយោងតាមសិលាចារឹកស្តុកកក់ធំ (K.235) ដែលថា ឡើងប្រមាណជាជាង២០០ឆ្នាំ បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័ទីពី២​រៀបរាប់យ៉ាងក្បោះ​ក្បាយផងដែរពីការផ្លាស់ប្តូររាជធានីរបស់ព្រះអង្គពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែមានការសន្និដ្ឋានច្រើនដូចគ្នាថា មហេន្ទ្របព៌ត គឺជាភ្នំគូលែនបច្ចុប្បន្ន ដោយសភ្តុតាង ជាច្រើនដូចជាប្រាសាទដែលព្រះអង្គប្រកាសរាជ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរួច សំណង់សាធារណៈ ទំបន់ទឹក ប្រាសាទសម្រាប់សាសនា និងរាជវាំងក៏បានរកឃើញជាបន្តបន្ទាប់។

ទីតាំងរាជវាំងនេះ បានរកឃើញដោយបានគត់តា្រពីអ្នកស្រាវជ្រាវបារាំង ប៉ុន្តែមិនដែលបានធ្វើការកំណាយនៅឡើយទេ ទើបអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន ក្នុងឆ្នាំ២០០៩ បានសហការជាមួយបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងក្រសួងបរិស្ថាន ធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។ ក្រៅពីការស្រាវជ្រាវ ក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទូខ្មែរឲ្យកាន់តែស្ទាត់ជំនាញ ដែលជាធនធានមនុស្ស ក្នុងវិស័យបុរាណវិទ្យា សម្រាប់សង្គមយើងនាពេលអនាគតផងដែរ។ គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើសិក្សារចនាសម្ព័ន្ទសំណង់រាជវាំងបុរាណមួយនេះឲ្យកាន់តែស៊ីជម្រៅ ថាតើសំណង់នេះសង់ពីអ្វី? រចនាបថអី្វ? មានប៉ុន្មានដំណាក់កាល? តួនាទីអ្វីខ្លះ? សង់ក្នុងឆ្នាំណាខ្លះ?

យោងតាមលទ្ធផលដែលបានសន្និដ្ឋានបឋមដូចខាងក្រោម៖

-រកឃើញផ្លូវចូលពីទិសខាងកើតអគារសង់ពីឥដ្ឋ។

-សំណង់កណ្តាលនៃអគារនេះមានបីដំណាក់កាលដំណាក់កាល់ទី១ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី២ស្ថិតក្នុងសតវត្សរ៍ទី៩ បច្ចេកទេសសំណង់មានបង្ហាប់គ្រឹះដោយប្រើដី លាយជាមួយកំទេចថ្មបាយគ្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាតពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ។ ដំណាក់កាលទី២ គឺចាក់ដីកំរាស់៣០សង់ទីម៉ែត្រនៅលើកំរាលឥដ្ឋដំណាក់កាលទី១ បន្ទាប់មកក៏រាបកំរាលឥដ្ឋនៅពីលើ ក្នុងដំណាក់កាលនេះយើងមិនទានអាចធ្វើការសន្និដ្ឋានថាធ្វើពេលណានៅឡើងនោះទេ ដោយសារយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានបឋម។

ដំណាក់កាលទី៣ ស្ថិតក្នុងអំឡុងទសវត្សរ៍ទី៦០រហូតដល់ពេលប្រទេសមានសង្គ្រាម ដោយសារសាកសួរពីចាស់ទុំនៅតំបន់នេះ ក្នុងទសវត្សទី៦០មានលោកតាអាចារ្យម្នាក់បានមកសង់ផ្ទះនេះ​ដើម្បីធ្វើធម៍ ​បន្ទាប់ពីប្រទេសមានសង្គ្រាមក៏បាត់ដំណឹងគាត់ចាប់ពីពេលនោះមក។

គោលបំណង់ទៅពេលខាងមុខគឺស្ថាប័នពាក់ព័ន្ធនឹងចង់ក្រងសក្តានុពលរបស់ឧទ្យានជាតិភ្នំគូលែន ដើម្បីចូលរួមបំពេញលក្ខខណ្ឌបញ្ជូលភ្នំគូលែនទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងធ្វើការបោះពុម្ភផ្សាយ ស្តីពីការរកឃើញថ្មីនៃរចនាសម្ព័ន្ធសំណង់រាវវាំងសម័យបុរាណដែលមាននៅលើខ្នងភ្នំគូលែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor