header ads

Sponsor

រិទ្ធី

ថ្មីៗ ពិភពលោកកំពុងតែផ្តោតការចាប់អារម្មណ៍លើការលេចធ្លាយរបាយការណ៍ ឯកជននៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវបានគេលួច(hacked)យកទៅប្រើប្រាស់ដោយខុសច្បាប់ យោងតាមរបាយការណ៍ចុងក្រោយបង្ហាញថា ទិន្នន័យអ្នកប្រើប្រាស់កើនដល់៨៧លានត្រូវបានគេលួច។​ ទិន្នន័យឯកជនដែលលួចបានពីអ្នកប្រើប្រាស់ហ្វេសប៊ុកនោះរងការចោទថា យកទៅវិភាគដោយក្រុមហ៊ុន​Cambridge Analytica របស់អង់គ្លេស ហើយក្រុមវិភាគយកប្រើ​ជាផលប្រយោជន៍ជួយឲ្យលោក ដូណាល ត្រាំ (Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ឈ្នះការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦។​ បញ្ហាធំៗទាំងនេះរួមមាន៖

ការចោទប្រកាន់គ្នា៖ ក្រុមហ៊ុនហ្វេសប៊ុក(Facebook)​ បានថ្កោលទោសក្រុមហ៊ុន​ Cambridge Analytica ដែលលួចយកទិន្នន័យឯកជនទៅប្រើប្រាស់។ ចំណែកឯ ក្រុមហ៊ុន​ Cambridge Analytica វិញ ក៏បានប្រកាសសុំទោស ហើយបញ្ជាក់ថាខ្លួនប្រើប្រាស់ទិន្នន័យតែ៣០ម៉ឺននាក់ប៉ុណ្ណោះ មិនមែន៨៧លាននោះទេ ហើយថាទិន្នន័យទាំងនោះបានលុបចោលតាំងពីឆ្នាំ២០១៥ មកម្លេះ។ ក្រុមហ៊ុននេះ បកស្រាយថាខ្លួនទទួលបានទិន្នន័យទាំងនេះ តាម     រយៈការបង្កើតApp ហើយមិនបានដឹងថាការយកទិន្នន័យនោះខុសច្បាប់នោះទេ។​

ការបាត់​ទំនុកចិត្តពីអតិថិជន៖ បើទោះជាក្រុមហ៊ុនទាំងពីរ បានបកស្រាយ ហើយសុំទោសអ្នកប្រើប្រាស់ក៏ដោយ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួននៅតែដាក់ការសង្ស័យថា នោះមិនមែនជាការលួចទិន្នន័យទេ ប៉ុន្តែវាជាការសហការគ្នារវាងក្រុមហ៊ុនទាំងពីរដើម្បីរកបានចំណូលមហាសាលតែប៉ុណ្ណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគេមិនបានឃើញស្ថាបនិកហ្វេសប៊ុក លោក ម៉ាក ហ្សូកហ្គឺ (Mark Zuckerberg) រៀបចំប្តឹងក្រុមហ៊ុនអង់គ្លេសនោះទេ។​ ក្រៅរឿងបោះឆ្នោតនៅអាមេរិក ហ្វេសប៊ុកក៏ធ្លាប់ផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យជួយដល់ការបោះឆ្នោតប្រទេសផ្សេងៗទៀតផងដែរ។​ ទោះយ៉ាងណារហូតដល់ពេលនេះ ក្រុមហ៊ុនហ្វេសប៊ុក​ដែលមានអ្នកកំពុងប្រើប្រាស់ចំនួន​ជាង២ពាន់​លាននោះ មានអ្នកបោះបង់ចោលតិចតួចតែប៉ុណ្ណោះ។

ចំណាត់ការពីរដ្ឋាភិបាល៖ នៅសប្តាហ៍ក្រោយនេះ លោក ហ្សូហ្គឺប៊ឺក នឹងចូលខ្លួនបំភ្លឺនៅសភាសហរដ្ឋអាមេរិក​ជុំវិញការលេចធ្លាយរបាយការណ៍ឯកជនរបស់អ្នកប្រើប្រាស់ទាំងនេះ។ ​ដោយឡែក សភាអង់គ្លេស និងសហភាពអឺរ៉ុបក៏បានកោះហៅស្ថាបនិកបណ្តាញសង្គមមួយនេះឲ្យចូលខ្លួនបំភ្លឺដែរ តែមិនទាន់បានកំណត់ថ្ងៃចូលបំភ្លឺនៅឡើយ។​ ទន្ទឹមនឹងការខឹងសម្បាររឿងលេចធ្លាយទិន្នន័យនេះ អឺរ៉ុបក៏កំពុងតែសិក្សាលើការយកពន្ធឲ្យច្រើនពីក្រុមហ៊ុននេះ។ចំណែកប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថាបើសិនជារកឃើញថាពលរដ្ឋនៅក្នុងប្រទេសខ្លួនត្រូវបានហ្វេសប៊ុកលួចទិន្នន័យឯកជនមែននោះ ប្រទេសនេះនឹងបិទហ្វេសប៊ុកភ្លាម​។​

សូមបញ្ជាក់ថានៅតាមបណ្តាប្រទេស និងតំបន់ដែលពលរដ្ឋផ្ទុះការតវ៉ា ពួកគេតែងតែរឹតបន្តឹងលើបណ្តាញសង្គម ពិសេសហ្វេសប៊ុក តែម្តងដូចជាជាករណីជម្លោះនៅដែនដីកាស្មៀ រវាងឥណ្ឌានិង ប៉ាគីស្ថាន ជាដើម។​

សូមរំលឹកថា ហ្វេសប៊ុកជាក្រុមហ៊ុនដែលបង្កើតឡើងដោយជនជាតិអាមេរិក​លោក ម៉ាក ហ្ស៊ូកហ្គឺប៊ឺក នៅឆ្នាំ២០០៤ ដំបូងឡើយគ្រាន់តែប្រើសម្រាប់​ការទំនាក់ទំនងគ្នាធម្មតាតែប៉ុណ្ណោះ ចាប់ពីឆ្នាំ២០០៧មក បណ្តាញសង្គមនេះដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកជំនួញ អ្នកនយោបាយក៏ដូចជាក្រុមអ្នកតស៊ូមតិដើម្បីសេរីភាពផ្សេងៗទៀត។​ ហ្វេសប៊ុក​ត្រូវបានប្រើប្រាស់ជាអន្តរជាតិ​ ដែលចំនួនអ្នកប្រើប្រាស់កើនឡើងជាង២ពាន់លាន ហើយធ្វើឲ្យស្ថាបនិកក្រុមហ៊ុននេះរកចំណូលបានយ៉ាងច្រើនរហូតបច្ចុប្បន្នក្លាយជាមហាសេដ្ឋីលំដាប់ទី៥លើពិភពលោក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post