header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ក្រុមកីឡាករទាំងអស់ ពេលចាញ់ត្រូវទទួលស្គាល់ កុំដូចអតីតគណបក្សសង្រ្គោះជាតិ (CNRP) ព្រមយកលទ្ធផល នៃការចាញ់ការបោះឆ្នោត។

អតីត CNRP ដែលមិនព្រមទទួលស្គាល់លទ្ធផល នៃការចាញ់ឆ្នោត ទើបនាំឲ្យមានបញ្ហានៅក្នុងសង្គមរហូតដល់បច្ចុប្បន្ន ដែលមានអតីតមន្រ្តីបក្សប្រឆាំងនេះជាច្រើនរូបបាន និងកំពុងជាប់ពន្ធនាគារ ព្រោះមិនព្រមទទួលយកអ្វីដែលជាលទ្ធផលបោះឆ្នោត ទើបនាំឲ្យឈានទៅដល់បំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ កាលពីក្រោយបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដែលដឹកនាំដោយអតីតមេបក្សទាំង២រូបគឺ លោក សម រង្ស៊ី និងលោក កឹម សុខា។

សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធី ពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាអត្តពលិក និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ថា កីឡាត្រូវពង្រឹងពង្រីកនូវផ្នែកគុណធម៌។

សម្តេចបានកោតសរសើរចំពោះកីឡាប្រដាល់ដែលព្រមទទួលការចាញ់របស់អាជ្ញាកណ្តាល ដែលប្រកួតជាមួយកីឡាករបរទេស តែសម្តេចក៏មិនពេញចិត្តនៅពេលប្រកាសលទ្ធផលមិនល្អបែរជាមានទឹកមុខមិនល្អ និងធ្វើរឹកឈ្លើយជាដើម។

សម្តេចបន្តថា ក្នុងពេលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបក្សនយោបាយផ្សេងទទួលស្គាល់ តែអតីតបក្សសង្រ្គោះជាតិ មិនទទួលស្គាល់នោះទេ ដែលការមិនទទួលស្គាល់នេះ ធ្វើឲ្យមានបញ្ហាក្នុងសង្គមកើតឡើង។

សម្តេចថា “វាមិនខុសពីការបោះឆ្នោតទេ នៅពេលណាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផល អំពីថាបក្សណាឈ្នះ បក្សណាចាញ់ ច្បាស់ជាគេគោរពទៅតាមនុងហើយ ប៉ុន្តែជាអកុសលនៅប្រទេសរបស់យើង ដោយសារចរិកនៃលទ្ធភាពនៃការឡាំប៉ា នៃលទ្ធផលនោះបានជាវាមាននិស្ស័យខ្លះនៅក្នុងវិស័យកីឡារបស់យើង”។

សម្តេច ហ៊ុន សែន សង្ឃឹមថា កីឡាករមិនធ្វើតាមអ្នកនយោបាយមួយចំនួនដែលបំផ្លាញចោលនូវលទ្ធផល។ មិនត្រឹមតែបំផ្លាញចោលនូវលទ្ធផលទេ ប៉ុន្តែគេបានឈានទៅបំផ្លាញប្រទេសជាតិ តាមរយៈការធ្វើឲ្យមនុស្សស្លាប់ តាមរយៈការតវ៉ាដទៃទៀតដែលបំផ្លាញទៅដល់សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។

សម្តេចតេជោបន្តថា គេថាសម្តេចដូចជាអេភូថងគ្មានគូប្រកួតជាមួយនោះទេ ប្រកួតម្នាក់ឯងរហូត សម្តេចក៏ប្រាប់ទៅវិញថា អ្នកដែលត្រូវមកប្រកួតជាមួយអេភូថងជិះមិនគោរពច្បាប់ចរាចរណ៍ ត្រូវបានឡានបុកងាប់បាត់ហើយដូច្នេះមិនអាចមកប្រកួតជាមួយហ៊ុន សែន នោះទេ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ មានការផ្ទុះការតវ៉ាមួយយ៉ាងធំនៅកណ្តាលរាជធានីភ្នំពេញ ជាពិសេសនៅតាមគោលដៅសំខាន់ជាច្រើនដូចជានៅតាមបណ្តោយផ្លូវវេងស្រេង និងអតីតទីលានប្រជាធិបតេយ្យជាដើមមានការប្រមូលផ្តុំគ្នាដើម្បីជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតដែលប្រកាសដោយគ.ជ.ប។

ការតវ៉ានាពេលនោះ ត្រូវបានគេដឹងថា ដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលញុះញង់កម្មករ និងពលរដ្ឋឲ្យតវ៉ារហូតដល់ឈានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយក៏មានពលរដ្ឋ៤នាក់បានស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ ក្នុងនោះក៏មានការចាប់ខ្លួនអតីតសកម្មជន និងអ្នកគាំទ្របក្សប្រឆាំងដាក់ពន្ធនាគារមកដល់សព្វថ្ងៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post