
ភ្នំពេញៈ បុរសម្នាក់ និងក្រុមគ្រួសារ ត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺទាំងកណ្ដាលយប់ ក្រោយពីមានជម្លោះពាក់ព័ន្ធនឹងការវាយស្ត្រីម្នាក់ បណ្តាលឲ្យរងរបួសប៉ោងភ្នែក ខណៈដែលកំពុងរាំលេងជួបជុំញាតិមិត្តជិតខាងក្នុងភូមិជាមួយគ្នា ទើបស្ត្រីរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ រួចដាក់ពាក្យបណ្តឹងតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមសំដីស្ត្រីរងគ្រោះឈ្មោះ អ៊ូច ស្រីលក្ខណ៍ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុខាងលើ បានប្រាប់មកកាន់ភ្នាក់ងារ CAM POST ដឹងថា កាលពីមុនថ្ងៃកើតហេតុ ជារៀងរាល់ព្រឹក ឆ្កែរបស់ម្ចាស់ផ្ទះដែលមានជម្លោះជាមួយគាត់ តែតែងមកជុះអាចម៍នៅមុខផ្ទះគាត់ ធ្វើឲ្យគាត់ទ្រាំកើបអាចម៍ឆ្កែនោះចេញស្ទើតែរាល់ថ្ងៃ។ ទាំងដែលពេលខ្លះស្រែកជេពិតមែន ព្រោះវាក្លិនស្អុយប៉ះពាល់ការរស់ពេកទៅហើយ តែបែជានៅមុនពេលកើតហេតុនេះ ខណៈគាត់កំពុងរាំលេងជួបជុំញាតិមិត្តជិតខាងក្នុងភូមិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្រាប់តែបុរសឈ្មោះ ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានមុខរត់ម៉ូតូឌុប ត្រូវជាកូនរបស់អ៊ុំស្រ្ដីម្ចាស់ផ្ទះ និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានដើរចូលទៅសួរនាំរករឿងគាត់ ទាំងមានអាការៈស្រវឹងស្រាខ្លាំង ដោយបុរសរូបនោះបានសួរនាំគាត់ថា ហេតុអ្វីបានជាជេដៀមដាមសត្វឆ្កែរបស់ខ្លួន។ រំពេចនោះ ក៏ឈ្លោះប្រកែកគ្នា ស្រាប់តែពេលនោះ បុរសខាងលើច្រឡោតខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅរកវាយស្រ្តីរងគ្រោះ តែក៏មានអ្នកជួយឃាត់ និងត្រឡប់ទៅផ្ទះវិញរៀងខ្លួន។

ក្រោយពីក្រុមគ្រួសារឃាត់យកទៅផ្ទះរៀងៗរួចមក ស្រាប់តែគេឃើញយុវជនម្នាក់ដែលជាប្អូនរបស់ស្ត្រីរងគ្រោះបានដើរមកពីក្រៅទៅផ្ទះ រួចក៏បានស្ទុះទៅវាយច្របាច់ក បម្រុងវាយយុវជននោះ ទើបស្ត្រីរងគ្រោះកាន់កាំបិតប៉័ងតោ ចេញទៅជួយឃាត់វិញ ដោយយកទៅចង្អុលមុខ និងស្រែកដាក់ម្ដាយរបស់បុរសរូបនោះវិញ រួចក៏បន្តឈ្លោះប្រកែកគ្នាម្ដងទៀត រហូតដល់ថ្នាក់ស្ត្រីរងគ្រោះទះកំផ្លៀងអ៊ុំស្រី រួចស្ទុះទៅបម្រុងកាប់ទៅលើអ៊ុំស្រីជាម្ដាយរបស់បុរសរូបនោះ តែត្រូវបានអ៊ុំស្រីចាប់ដៃជាប់ រួចទាញកាំបិតចេញពីដៃ បណ្ដាលឲ្យមុតត្រូវដៃរបួសបន្តិចបន្តួច ទើបបុរសដៃដល់ដែលជាកូនអ៊ុំស្រីនោះស្ទុះចូលទៅវាយមួយដៃចំភ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះជាំភ្នែក ទើបសាច់ញាតិក្រុមគ្រួសារទាំងសងខាងអូសទៅផ្ទះរៀងខ្លួន។
ដោយសារទ្រាំមិនបាន ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ រួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ រួចនាំខ្លួនបុរសដៃដល់មកសួរនាំតែម្តង។
ដោយឡែកករណីនេះភ្នាក់ងារសារព័ត៌មាន CAM POST មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចផ្ទាល់បាននោះទេ ដោយសមត្ថកិច្ចបានប្រាប់មកថា មិនទាន់ដឹងករណីច្បាស់លាស់ទេ កុំទាន់ចេញផ្សាយ ចាំដល់មេប៉ុស្តិ៍មកសិន៕





